ខេត្តតាកែវ ៖ មហាជនបានលើកឡើង ថា ដីបន្ទាយទាហានផ្នែកសឹករងស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានទំហំជាង៤,០០០ម៉ែត្រក្រឡា ត្រូវបាននាយទាហានមួយ ចំនួននៅក្នុងខេត្ត នៅក្នុងស្រុកនេះ ព្យាយាម បែងចែកជាសម្បត្តិឯកជន ដោយប្រើរូប ភាពធ្វើតូបនៅលើចំណែកដីបន្ទាយនេះ សម្រាប់ជួលឲ្យពលរដ្ឋលក់ដូរទំនិញ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរបន្ទាយទាហាននេះ បានឲ្យ ដឹងទៀតថា សំណង់តូបស្ថិតនៅលើផ្ទៃដី រាប់ពាន់ម៉ែត្រក្រឡា ត្រូវបានសាងសង់រួច រាល់អស់ហើយ និងបានខណ្ឌចែកជាបន្ទប់ សម្រាប់ជួល ដែលក្នុងមួយបន្ទប់ មានតម្លៃយ៉ាងហោចណាស់៣០ដុល្លារក្នុង១ខែ។
តាមសេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ទៀតថា តាមពិតការសាងសង់តូបដែករាប់ពាន់ម៉ែត្រក្រឡានេះ ជាការបំភាន់ភ្នែកមហាជនតែប៉ុណ្ណោះ ដែលតាមធាតុពិត គឺជាការឃុបឃិតគ្នា ដើម្បីកាត់យកដីបន្ទាយទាហាននេះពាក់កណ្ដាល មកធ្វើជាកម្មសិទ្ធិឯកជនតែម្តង។
ជុំវិញការលើកឡើងខាងលើ លោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុក អង្គរបុរី បានឲ្យដឹងថា លោកពិតជាបានឮពាក្យចចាមអារ៉ាមអំពីការឃុបឃិតគ្នា ដើម្បីយកដីបន្ទាយទាហាននេះ មកធ្វើជាកម្មសិទ្ធិឯកជនពិតមែន។
លោកបានបញ្ជាក់ថា ថ្មីៗកន្លងមកនេះ លោកបានចូលរួមវាស់វែងទំហំដីតាមការស្នើសុំពីលោក អ៊ូច យី មេបញ្ជាការផ្នែកសឹក រងស្រុកអង្គរបុរីដែរ ប៉ុន្តែលោកមិនបាន បំពេញឯកសារណាមួយពាក់ព័ន្ធដីបន្ទាយទាហាននេះទេ។
លោកប្រធានភូមិបាលស្រុក ក៏បានបញ្ជាក់ថា ប្រសិនបើចង់យកដីនេះធ្វើជាកម្មសិទ្ធិឯកជន លុះត្រាតែមានការឃុបឃិត គ្នាជាប្រព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់លើ ទើប អាចធ្វើទៅបាន។
លោកបានអះអាងទៀតថា ចំពោះការ សាងសង់សំណង់ណាមួយ ដែលមានទំហំចាប់ពី៥០០ម៉ែត្រក្រឡាឡើងទៅ ត្រូវសុំ ការអនុញ្ញាតជាមុនសិន ពីប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តតាកែវ ប៉ុន្តែតូបដែកទាំង អម្បាលម៉ាននេះ ត្រូវបានសាងសង់ឡើង ដោយមិនមានការអនុញ្ញាតតាមច្បាប់តម្រូវ ឲ្យឡើយ ដូច្នេះវាគឺជាសំណង់ខុសច្បាប់។
ពាក់ព័ន្ធករណីនេះដែរ លោក អ៊ូច យី មេបញ្ជាការផ្នែកសឹករងស្រុកអង្គរបុរី បានបដិសេធថា លោកមិនបានដឹងអ្វីទាំងអស់ពាក់ព័ន្ធសកម្មភាពចង់ពុះចែកដីបន្ទាយ ទាហាន ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។ ប៉ុន្តែ លោកបានសារភាពថា សំណង់នេះ គឺត្រូវបានធ្វើឡើងតាមបញ្ជាពីលោក សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ។
លោកបានរំឭកថា លោក គឹម ហាន មេបញ្ជាការរងផ្នែកសឹករងស្រុកអង្គរបុរី គឺជាអ្នកដឹកនាំសាងសង់តូបដែកសម្រាប់ជួលទាំងនេះ។
លោកបាននិយាយដោះសាថា លោកនៅទីនេះជិត៣០ឆ្នាំហើយ មិនដែលហ៊ានថ្លើមធំចង់ស៊ីដីបន្ទាយនេះទេ ហើយលោកក៏បានទទួលបញ្ជាពីខាងសាលាស្រុក អង្គរបុរី ឲ្យទៅយកប្លង់ដីបន្ទាយពីខេត្តតាកែវមករក្សាទុកវិញ។
ចំណែកលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ បានបដិសេធថា លោកមិនបានទទួលរបាយការណ៍ណា មួយពីការសាងសង់តូបដែករាប់ពាន់ម៉ែត្រក្រឡា នៅលើដីបន្ទាយទាហានស្រុកអង្គរបុរីនេះទេ ដូច្នេះលោកនឹងសួរកូនចៅរបស់លោកប្រចាំការនៅស្រុកនេះ ដើម្បីឲ្យដឹងព័ត៌មានច្បាស់លាស់៕ សូរិយា