ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទនាយទាហានស្រុកអង្គរបុរីឃុបឃិតគ្នាកាត់យកដីបន្ទាយទាហានស្រុក មកធ្វើជាកម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្តតាកែវ ៖ មហាជនបានលើកឡើង ថា ដីបន្ទាយទាហានផ្នែកសឹករងស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានទំហំជាង៤,០០០​ម៉ែត្រក្រឡា ត្រូវបាននាយទាហានមួយ ចំនួននៅក្នុងខេត្ត នៅក្នុងស្រុកនេះ ព្យាយាម បែងចែកជាសម្បត្តិឯកជន ដោយប្រើរូប ភាពធ្វើតូបនៅលើចំណែកដីបន្ទាយនេះ សម្រាប់ជួលឲ្យពលរដ្ឋលក់ដូរទំនិញ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរបន្ទាយទាហាននេះ បានឲ្យ ដឹងទៀតថា សំណង់តូបស្ថិតនៅលើផ្ទៃដី រាប់ពាន់ម៉ែត្រក្រឡា ត្រូវបានសាងសង់រួច រាល់អស់ហើយ និងបានខណ្ឌចែកជាបន្ទប់ សម្រាប់ជួល ដែលក្នុងមួយបន្ទប់ មានតម្លៃយ៉ាងហោចណាស់៣០ដុល្លារក្នុង១ខែ។

តាមសេចក្ដីរាយការណ៍ដដែល បាន​បញ្ជាក់ទៀតថា តាមពិតការសាងសង់តូបដែករាប់ពាន់ម៉ែត្រក្រឡានេះ ជាការបំភាន់​ភ្នែកមហាជនតែប៉ុណ្ណោះ ដែលតាមធាតុ​ពិត គឺជាការឃុបឃិតគ្នា ដើម្បីកាត់យកដីបន្ទាយទាហាននេះពាក់កណ្ដាល មកធ្វើ​ជាកម្មសិទ្ធិឯកជនតែម្តង។

ជុំវិញការលើកឡើងខាងលើ លោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុក អង្គរបុរី បានឲ្យដឹងថា លោកពិតជាបានឮពាក្យចចាមអារ៉ាមអំពីការឃុបឃិតគ្នា ដើម្បីយកដីបន្ទាយទាហាននេះ មកធ្វើជា​កម្មសិទ្ធិឯកជនពិតមែន។

លោកបានបញ្ជាក់ថា ថ្មីៗកន្លងមកនេះ លោកបានចូលរួមវាស់វែងទំហំដីតាមការស្នើសុំពីលោក អ៊ូច យី មេបញ្ជាការផ្នែកសឹក រងស្រុកអង្គរបុរីដែរ ប៉ុន្តែលោកមិនបាន បំពេញឯកសារណាមួយពាក់ព័ន្ធដីបន្ទាយទាហាននេះទេ។

លោកប្រធានភូមិបាលស្រុក ក៏បាន​បញ្ជាក់ថា ប្រសិនបើចង់យកដីនេះធ្វើជា​កម្មសិទ្ធិឯកជន លុះត្រាតែមានការឃុបឃិត គ្នាជាប្រព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់លើ ទើប អាចធ្វើទៅបាន។

លោកបានអះអាងទៀតថា ចំពោះការ សាងសង់សំណង់ណាមួយ ដែលមានទំហំចាប់ពី៥០០ម៉ែត្រក្រឡាឡើងទៅ ត្រូវសុំ ការអនុញ្ញាតជាមុនសិន ពីប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តតាកែវ ប៉ុន្តែតូបដែកទាំង អម្បាលម៉ាននេះ ត្រូវបានសាងសង់ឡើង ដោយមិនមានការអនុញ្ញាតតាមច្បាប់តម្រូវ ឲ្យឡើយ ដូច្នេះវាគឺជាសំណង់ខុសច្បាប់។

ពាក់ព័ន្ធករណីនេះដែរ លោក អ៊ូច យី មេបញ្ជាការផ្នែកសឹករងស្រុកអង្គរបុរី បាន​បដិសេធថា លោកមិនបានដឹងអ្វីទាំងអស់ពាក់ព័ន្ធសកម្មភាពចង់ពុះចែកដីបន្ទាយ ទាហាន ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។ ប៉ុន្តែ លោកបានសារភាពថា សំណង់នេះ គឺត្រូវបានធ្វើឡើងតាមបញ្ជាពីលោក សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ។

លោកបានរំឭកថា លោក គឹម ហាន មេបញ្ជាការរងផ្នែកសឹករងស្រុកអង្គរបុរី គឺជាអ្នកដឹកនាំសាងសង់តូបដែកសម្រាប់ជួលទាំងនេះ។

លោកបាននិយាយដោះសាថា លោក​នៅ​ទីនេះជិត៣០ឆ្នាំហើយ មិនដែលហ៊ានថ្លើមធំចង់ស៊ីដីបន្ទាយនេះទេ ហើយលោកក៏បានទទួលបញ្ជាពីខាងសាលាស្រុក អង្គរ​បុរី ឲ្យទៅយកប្លង់ដីបន្ទាយពីខេត្តតាកែវ​មករក្សាទុកវិញ។

ចំណែកលោក នួន សុធា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តតាកែវ បានបដិសេធថា លោក​មិនបានទទួលរបាយការណ៍ណា មួយពីការសាងសង់តូបដែករាប់ពាន់ម៉ែត្រក្រឡា នៅលើដីបន្ទាយទាហានស្រុកអង្គរបុរីនេះទេ ដូច្នេះលោកនឹងសួរកូនចៅរបស់លោកប្រចាំការនៅស្រុកនេះ ដើម្បីឲ្យដឹង​ព័ត៌​មានច្បាស់លាស់៕ សូរិយា


ចែករំលែក៖