ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយផ្នែករដ្ឋបាលជលផល គូ ប៊ុនទឹង អនុញ្ញាតឲ្យមានបទល្មើសដោយសេរី

ចែករំលែក៖

ល្បីល្បាញពេកហើយ សម្រាប់លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលត្រួតត្រា​៥ស្រុក នៃខេត្តកំពង់ធំ ដែលអនុញ្ញាត​ឲ្យឈ្មួញ​ប្រព្រឹត្តបទល្មើស​នេសាទ​ដោយសេរី ។ គ្រាន់តែឈ្មួញឈ្មោះ ហឿន អាចបង្កបទល្មើសនេសាទ​ដោយចំហរ​ គ្មានញញើតសមត្ថកិច្ចដទៃឡើយ ។ ការដែលឈ្មួញ​មិនញញើតសមត្ថកិច្ចដទៃ ក៏ព្រោះតែ​មានមន្ត្រី​ជលផលឈ្មោះ គូ ប៊ុនទឹង ធ្វើជាខ្នងបង្អែកនោះឯង ។ លោកគូ ប៊ុនទឹង អនុញ្ញាត​ឲ្យមានបទល្មើស​នេសាទនៅតាមបណ្តាស្រុក​ក្រោមអំណាចរបស់ខ្លួនដូចជាស្រុក​សន្ទុក, បារាយណ៍, ប្រាសាទសម្បូរ, ប្រាសាទបល្ល័ង្គ និងតាំងក្រសាំង ។ បណ្តាស្រុកទាំងនេះ មានខ្លះជាប់នឹងបឹងទន្លេសាបតិចតួច ប៉ុន្តែបទល្មើស​មិនមែនតិចតួចនោះទេ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក គូ ប៊ុនទឹង ស្ទើរក្លាយជាស្តេចក្រាញ់​ក្នុងការសាងបទល្មើសនេសាទ​នៅតាមបណ្តាស្រុកទាំងនេះទៅហើយ ពួកឈ្មួញ​បានប្រព្រឹត្តបទល្មើស​ដោយសេរី តាមរយៈការដាក់​បទល្មើសទទឹងព្រែក បឹងបួរ ចាប់ត្រីទាំងតូចទាំងធំ តាមរយៈការប្រើឧបករណ៍ល្មើស​ច្បាប់​ដូចជារបាំងលូស្បៃមុង ដែល​ឧបករណ៍​ទាំងនេះ នាំឲ្យមហន្តរាយដល់មច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ បទល្មើសទាំងនេះគេអាចមើលដោយផ្នែកទទេឃើញ ប៉ុន្តែពួកមន្ត្រីជលផល ទាំងថ្នាក់លើ និងថ្នាក់ក្រោម បិទភ្នែកបណ្តោយ​ឲ្យមន្ត្រីជលផលថ្នាក់កណ្តាលម្នាក់ឈ្មោះ គូ ប៊ុនទឹង ធ្វើព្យុះធ្វើភ្លៀងសាង​បទល្មើស​ដោយមិនញញើតនរណាឡើយ ។ អ្នកខ្លះនិយាយថា ដោយមានការបើកភ្លើងខៀវពីប្រធានមន្ទីរកសិកម្មផង ទើបលោកគូ ប៊ុនទឹង អាចធ្វើអ្វីៗដោយសេរីជាចំហរដល់សព្វថ្ងៃនេះ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បទល្មើសនេសាទ​បានកើតឡើង​យ៉ាងគគ្រឹកគគ្រេង​គឺជាប្រភពហិរញ្ញវត្ថុដ៏ធំសម្បើមរបស់លោក គូ ប៊ុនទឹង ។ អាជ្ញាធរមូលដ្ឋានធ្លាប់បានធ្វើរបាយការណ៍អំពីបញ្ហាអសកម្មនេះដែរ ប៉ុន្តែថ្នាក់ដឹកនាំ ស្រុក​ខេត្ត​កំពង់ធំ​មិនខ្វល់​ថា នឹងត្រូវចាត់វិធានការ​យ៉ាងណា​នោះឡើយ ។ ដោយមិនអាចអត់ទ្រាំបាន ក្រុមមន្ត្រី​មូលដ្ឋាន​បានចុះបង្ក្រាបបទល្មើស​ដែលគេនិយាយថា ជាប្រតិបត្តិការវាយបំបែកឆ្នាំង​បាយ​របស់លោកគូ ប៊ុនទឹង កាលពីពេលថ្មីៗនេះ ។ មន្ត្រី​អាជ្ញាធរ​ប៉ុស្តិ៍រដ្ឋបាលបារាយណ៍​បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចគោកត្របែក ឃុំទ្រាល ស្រុកតាំងគោក ក៏ដូចជា​នៅចំណុច​ទឹកពុល​ ស្រុកសន្ទុក ជាដើម…។ ករណីនេះ ធ្វើឲ្យលោកគូ ប៊ុនទឹង រងការអាម៉ាសជាខ្លាំង ប៉ុន្តែ​ដើម្បីតែផល​ប្រយោជន៍ លោកគូ ប៊ុនទឹង ធ្វើមិនដឹងមិនឮ​នៅពេលដែលពួកឈ្មួញស្តីបន្ទោសថា យកលុយគេហើយហេតុអ្វី មានសមត្ថកិច្ចដទៃ​មកបង្ក្រាបទៀតនោះ ៕


ចែករំលែក៖