ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ខណៈរកឃើញដំណាប់ចាហួយដូង ថាញ់ប៊ីញ ២៩កេស ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនមុខទៀត ធ្វើឲ្យបង្កផលប៉ះពាល់ដល់ក្រពះរលាកពោះវៀន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចជំនាញកាំកង់ត្រូលខេត្តបានឲ្យដឹងថាធ្វើកាពិនិត្យមុខទំនិញចំនួនជាច្រើនមុខ ក្នុងផ្សារដូនសនេះ បានរកឃើញទំនិញខូចគុណភាព និងហួសកាបរិច្ឆេទ ក្នុងនោះ បានដកហូតដំណាប់ចាហ៊ួយ ដូចម៉ាកថាញ់ប៊ីចំនួន២៩កេស ដែលជាទំនិញហាមឃាត់ និងតែប៉ៃតង២៤ដប, ទឹកក្រូច cocacola១៣ដប, នំធុង១ធុង, ទឹកស៊ីអ៊ីវ១៧ដប, ទឹកត្រីមច្ឆាមាស១៧ដប, នំចំរុះកញ្ចប់៣១.៥គីឡូក្រាម ដកហូតយកទៅដុតកម្ទេចចោល ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញ ដែលខូចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ ដល់សុខភាពរបស់ពលរដ្ឋ ។
ប្រភពបានបញ្ជាក់ថា ចាហ៊ួយដំណាប់ដូងដែលមានស្លាកសញ្ញាថាញ់ប៊ីញនេះ ជាទំនិញហាមឃាត់ ព្រោះវាបានបំផ្លាញសុខមាលភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្មេងៗសិស្សលាសា ខណៈដែលបានបរិភោគ បង្កផលប៉ះពាល់ដល់ក្រពះ រលាកពោះវៀន និងរាករុសជាដើម ព្រោះវាមានជាតិរឹងដូចកៅស៊ូពិបាក ក្រពះកិនរំលាយអាហារ និងឈានទៅរកមហារីកក្រពះ ។
សមត្ថកិច្ចជំនាញតែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស ៕ យឹម សុថាន