ខេត្តព្រះសីហនុ៖ ជនសង្ស័យក្នុងក្រុមឃាតកជនជាតិចិន២នាក់ផ្សេងទៀត ដែលរួមដៃគ្នាបាញ់សម្លាប់ជនជាតិចិនមួយរូបនៅក្រុងព្រះសីហនុកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនបាន និងចាត់បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់។
នគរបាលបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីប្លន់ និងឃាតកម្ម បាញ់សម្លាប់ក្នុងរថយន្តរួចទម្លាក់ចេញពីរថយន្ត (រវាងជនជាតិចិន និងជនជាតិចិន) នៅចំណុចផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានជនសង្សយ័សរុប៤នាក់ (ស្រីម្នាក់) ក្នុងនោះ ២នាក់ចាប់បានភ្លាមៗ ក្រោយកើតហេតុ និង២នាក់ចុងក្រោយនេះ ត្រូវបានចាប់ខ្លួនដូចគ្នា នៅបន្ទាប់ពីគេចខ្លួនបានប៉ុន្មានថ្ងៃ ។
ដើម្បីលើកទឹកចិត្តដល់ប្រតិបត្តិការនេះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់កងនគរបាលខេត្តព្រះសីហនុ ចំនួន១០លានរៀល ក្នុងនោះ គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តដែលផ្តល់ការលើកទឹកចិត្តដល់កងកម្លាំង ៕ ឆ្លាម សមុទ្រ