ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិឥណ្ឌាម្នាក់ លួចផលិតឱសថក្លែងក្លាយ ចៅក្រម​សម្រេច​ឃុំខ្លួន​ និង​កំណត់​យក​ថ្ងៃ​ទី២២ ខែតុលា មក​បើក​សវនាការ​លើ​អង្គសេចក្ដី​ទាំងមូល

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចផលិតឱសថមិន​ត្រឹមត្រូវ តាម​មាត្រា​៥៩ នៃ​ច្បាប់​ស្ដី​ពី​ស្តង់ដា​កម្ពុជា រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ លុះនៅ​​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ (​ជម្រះ​ផ្ទាល់​)​លើ​សំណុំរឿង​​នេះ ។ ដោយក្នុងសវនាការ​​ផ្ទាល់​ លោកចៅក្រមសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​កំណត់​យក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០១៩នេះ មកបើក​សវនាការ​លើ​អង្គសេចក្តីទាំងមូល ។

ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​យ៉ា បា​ទិ​ក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ឥណ្ឌា មុខរបរ​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ទីតាំង​មួយទៀត​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខណ្ឌ​កំ​បូល ផ្លូវជាតិ​លេខ​៤ ។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​បង្ក្រាប​ផ​លលិត​ផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ២០១៩ ខណៈ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​ទាំង​២​ខាងលើ ដែល​ជនជាតិ​ឥណ្ឌា​នោះ​លួច​ផលិត​ឱសថ​មិន​ត្រឹមត្រូវ ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ រួច​សមត្ថកិច្ច​បានកសាង​សំណុំរឿង​ទៅ​តុលាការ ចំណែក​ទីតាំង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន ។ ការ​ស៊ើបសួរ​ជនសង្ស័យ​នៅ​ដំណាក់កាល​អយ្យការ បាន​ចោទប្រកាន់​ជា​ផ្លូវការ រួច​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ខាង​ចៅក្រម ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​នោះ ដូច្នោះ​ហើយ​បានជា​ចៅក្រម​ស៊ើបសួរ​គឺ​លោក ថា​ន់ ឡេ​ង លើកយក​សំណុំរឿង​នេះ​ជំនុំជម្រះ​ផ្ទាល់ និង​បាន​សម្រេច​ឃុំខ្លួន​មុន​អង្គសេចក្តី​នោះ ។

យ៉ាងណា​ក្តី​នៅ​ក្នុង​សវ​នា​ជនសង្ស័យ​បាន​ស្នើ​សុំ​អង្គ​សវនាការ ឲ្យ​ដោះ​លែង​រូបគេ​មាន​សេរីភាព​វិញ ផង​ដែរ ។ ជនសង្ស័យ​នៅ​តែ​អះអាង​ថា ឱសថ​ដែល​សហគ្រាស​របស់​ខ្លួន​ផលិត​នេះ គឺ​គោរព​តាម​លក្ខណ​បច្ចេកទេស​ឱសថ​ត្រឹមត្រូវ​តាម​ស្តង់ដា​ហើយ ផ្ទុយ​ពី​ការ​ចោទប្រកាន់​នោះ ។ សវនាការ​ផ្ទាល់​តំណាង​អយ្យការ បាន​ស្នើ​ឲ្យ​ចៅក្រម​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្ដោះអាសន្ន ដើម្បី​ទុក​ពេល​បើក​ការ​ស៊ើបអង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​តាម​នីតិវិធី ព្រោះ​ជនសង្ស័យ​ជា​ជនបរទេស ។

ក្រោយលោកចៅក្រម​សាកសួរបញ្ចប់នីតិវិធី រួចសម្រេច​ឃុំខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ននៅពន្ធនាគារព្រៃស ៕ស តារា


ចែករំលែក៖