ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូបានអូសដើរតាមផ្លូវត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់លួចបានម៉ូតូ១គ្រឿង ជិះមិនកើតអូសដើរតាមផ្លូវ ។ ខណៈនោះប្រជាពលរដ្ឋឃើញមានការសង្ស័យបានប្រាប់នគរបាលឲ្យចុះទៅដើម្បីសួរនាំ ស្រាប់តែជននេះរត់គេចខ្លួន ចូលទៅវាលស្រែ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣រួមជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋដេញតាមចាប់ខ្លួន បាន ។

ការចាប់ខ្លួននោះធ្វើឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើនោះឈ្មោះសុខ​ ណាង​ អាយុ៣០ឆ្នាំ​ មុខរបរ​កម្មលើកកាតុង​ ស្នាក់នៅមិនពិត​ប្រាកដ ចំណែកម៉ូតូដែលជនសង្ស័យខាងលើលួចបាននោះម៉ាងហុងដាPCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1FK-2416 ហើយពុំទាន់រកម្ចាស់ឃើញនៅឡើយទេ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញជនសង្ស័យខាងលើអូសម៉ូតូ១គ្រឿងនោះកាត់សាលាបឋមសិក្សាជម្ពូវ័ន ហើយដោយមានការសង្ស័យ ក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅដើម្បីសួរនាំ ។ ប៉ុន្តែគ្រាន់តែឃើញកម្លាំងចុះទៅដល់ស្រាប់តែជនសង្ស័យរូបនោះរត់គេចខ្លួនទៅវាលស្រែ ហើយក៏ត្រូវបានកម្លាំងនគរបាលរួមជាមួយប្រជាការពារ និងពួកគាត់ដេញតាមចាប់បាននាំទៅសាកសួរនៅប៉ុស្តិ៍ ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យបាននិយាយថា ខ្លួន បានលួចម៉ូតូនោះនៅតាមវិថីឈ្នះឈ្នះ ប៉ុន្តែពុំដឹងថា ស្ថិតនៅក្នុងភូមិសង្កាត់អ្វីនោះទេ លុះលួចបានជិះអត់កើត ក៏អូសដើរចូលទៅក្នុងសាលាខាងលើ ហើយក៏ត្រូវនគរបាលដេញតាមចាប់ខ្លួនបានតែម្ដង ៕ សុខាសែនជ័យ​


ចែករំលែក៖