ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចផលិតឱសថមិនត្រឹមត្រូវ តាមមាត្រា៥៩ នៃច្បាប់ស្ដីពីស្តង់ដាកម្ពុជា រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ លុះនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ (ជម្រះផ្ទាល់)លើសំណុំរឿងនេះ ។ ដោយក្នុងសវនាការផ្ទាល់ លោកចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងកំណត់យកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ មកបើកសវនាការលើអង្គសេចក្តីទាំងមូល ។
ជនត្រូវចោទឈ្មោះ រ៉ូយ៉ា បាទិក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិឥណ្ឌា មុខរបរជាម្ចាស់សហគ្រាសផលិតឱសថ មានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងមួយទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល ផ្លូវជាតិលេខ៤ ។
ជនត្រូវចោទត្រូវបានកម្លាំងសមត្តកិច្ចបង្ក្រាបផលលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខណៈសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងរកឃើញទីតាំងទាំង២ខាងលើ ដែលជនជាតិឥណ្ឌានោះលួចផលិតឱសថមិនត្រឹមត្រូវ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ រួចសមត្ថកិច្ចបានកសាងសំណុំរឿងទៅតុលាការ ចំណែកទីតាំងត្រូវបិទជាបណ្តោះអាសន្ន ។ ការស៊ើបសួរជនសង្ស័យនៅដំណាក់កាលអយ្យការ បានចោទប្រកាន់ជាផ្លូវការ រួចបានបញ្ជូនសំណុំរឿងនេះទៅខាងចៅក្រម ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួននោះ ដូច្នោះហើយបានជាចៅក្រមស៊ើបសួរគឺលោក ថាន់ ឡេង លើកយកសំណុំរឿងនេះជំនុំជម្រះផ្ទាល់ និងបានសម្រេចឃុំខ្លួនមុនអង្គសេចក្តីនោះ ។
យ៉ាងណាក្តីនៅក្នុងសវនាជនសង្ស័យបានស្នើសុំអង្គសវនាការ ឲ្យដោះលែងរូបគេមានសេរីភាពវិញ ផងដែរ ។ ជនសង្ស័យនៅតែអះអាងថា ឱសថដែលសហគ្រាសរបស់ខ្លួនផលិតនេះ គឺគោរពតាមលក្ខណបច្ចេកទេសឱសថត្រឹមត្រូវតាមស្តង់ដាហើយ ផ្ទុយពីការចោទប្រកាន់នោះ ។ សវនាការផ្ទាល់តំណាងអយ្យការ បានស្នើឲ្យចៅក្រមឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ដើម្បីទុកពេលបើកការស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយតាមនីតិវិធី ព្រោះជនសង្ស័យជាជនបរទេស ។
ក្រោយលោកចៅក្រមសាកសួរបញ្ចប់នីតិវិធី រួចសម្រេចឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ៕ស តារា