ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី១៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោក តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបង្រ្កាបនាពេលកន្លងមក ត្រូវបានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាដោយហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ ។
ការបណ្ដាញជនជាតិចិនទាំងនោះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៨នាក់។
ជនជាតិចិនទាំង ១៨នាក់ខាងលើនេះ ត្រូវបានកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោក តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) និងធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ តាមជើងហោះហើរពិសេសលេខ CZ5246 ដោយមានការ ចូលរួមពីកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន ។
គួរបញ្ជាក់ថា ក្នុងករណីបណ្ដាញជនជាតិចិនខាងលើនេះ ក្រុមអ្នកសារព័ត៍មាន បានសម្តែងការមិនពេញចិត្តចំពោះសមត្ថកិច្ចនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខណៈបញ្ចូនជនជាតិចិនចេញពីនាយកដ្ឋានទៅប្រទេសវិញ តាមច្រកអន្តរាជាតិពោធិ៍ចិនតុង អ្នកសារកាសែតចុះទៅសួរនាំ និងថតរូបផ្សាយជូនមហាជន និងប្រជាពលរដ្ឋអោយបានទស្សនា បែរជាប្រធាននាយកដ្ឋាន ដែលទើបឡើងថ្មី ឈ្មោះ រតនៈ មង្គល និងជាពិសេសអនុប្រធាននាយកដ្ឋានស៊ើបអង្គេតអនុវត្តនីតិវិធី ឈ្មោះ ឯម កុសល ទើបតែងតាំងថ្មីនោះ ហាមមិនអោយចូលថត ឬផ្សាយជាដាច់ខាត ហើយមិនបំភ្លឺព័ត៌មាននេះមកក្រុមអ្នកកាសែតទៀតផង ហាក់បីដូចជាមានការលាក់បាំង។
រាល់ទង្វើសមត្ថកិច្ចធ្វើបែបនេះ ក្រុមអ្នកកាសែត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលតែងតែទស្សនា មិនយល់ និងមានការងើយឆ្ងល់ខ្លាំងណាស់? ផ្ទុយពីកាលប្រធាននាយកដ្ឋានអន្តោប្រវេសន៍ចាស់ លោក អ៊ុក ហៃសីឡា និងអនុប្រធាននាយកដ្ឋានស៊ើបអង្កេតអនុវត្តនីតិវិធីចាស់ លោក គង់ ណារិទ្ធ រាល់សកម្មភាពលោកចុះចាប់បង្ក្រាបជនជាតិចិន ដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា និងបង្កើតបទល្មើស ហើយលោកបញ្ចូនជនជាតិចិននោះវិលត្រលប់ទៅប្រទេសរបស់គាត់វិញ ពេលដែលក្រុមអ្នកសារព័ត៌មានចូលទៅសុំការបំភ្លឺ ឬចូលទៅយកព័ត៌មាន និងសម្ភាសន៍ លោកតែងតែមានការនិយាយជាមួយក្រុមអ្នកសារព័ត៌មាន និងបំភ្លឺហើយផ្តល់ព័ត៌មានឲ្យជានិច្ច មិនដែលលាក់បាំង ឬក៏ដេញអ្នកសារព័ត៌មានចេញនោះទេ ដូចលោកទាំងពីរ ទើបឡើងថ្មីនោះទេ ៕ ស តារា