ភ្នំពេញ៖ ឃ្លាំងផ្ទុកសម្ភារចានឆ្នាំង និងសម្ភារជ័រនៅក្នុងបរិវេណបុរីស៊ីធីហោសត្រូវអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និង សមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ទីតាំងមានឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ៤៣ ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតបានឃើញផ្សែងហ៊ុយចេញពីក្នុងឃ្លាំងរួច បង្កជាអគ្គិភ័យឆាបឆេះយ៉ាងយ៉ាងសន្ធោសន្ធៅ ទើបបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យចុះមកជួយបាញ់ពន្លត់ភ្លាមៗ ។
បន្ទាប់ពីកើតហេតុលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីពិនិត្យស្ថានភាពនៃគ្រោះមហន្តរាយដោយអគ្គិភ័យ ។
នៅក្នុងប្រតិបត្តិការ ពន្លត់អគ្គិភ័យឆាបឆេះ ទីតាំងខាងលើកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៩គ្រឿងប្រើប្រាស់អស់ចំនួន១៨គ្រឿង ទើបភ្លើងរលត់ជា ស្ថាពរ ។ ចំពោះមូលហេតុនៃការឆាបឆេះគឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី និងខូចខាត សម្ភារទាំងស្រុង ប៉ុន្ដែមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ៕ សណ្តោស