ៀខេត្តតាកែវ៖ ត្រឹមរយៈពេលតែជាង១០ម៉ោងប៉ុណ្ណោះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង មានការឯកភាពពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្ក្រាបជនសង្ស័យក្នុងសំណុំរឿងមនុស្សឃាតដោយចេតនានៅស្រុកសំរោង ដោយជោគជ័យ ។
តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឱ្យដឹងថា នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានករណីមនុស្សឃាតមួយកើតឡើងនៅចំណុចមុខក្លោងទ្វារចូលសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ភ្នំជីសូរ ស្ថិតក្នុងភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
ករណីនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ សែម ហាក់ឡី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ហៀង សុខុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ ឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូទៅផ្សារ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក មឿង សារុន អធិការនគរបាលស្រុក ចុះប្រតិបត្តិការក្តៅ តាមចាប់ខ្លួនជនសង្ស័យខាងលើឱ្យខានតែបាន ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងហ្មត់ចត់ នៅវេលាម៉ោង១៩ និង០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចកំពង់ចំឡងស្វាយជ្រុំ ស្ដិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបាននាំខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសាកសួរបន្ត ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ ៕ ចេស្តា