ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ធ្វើសកម្មភាពធាក់ទៅលើបុរសជនជាតិចិនម្នាក់ខណៈបើកម៉ូតូតាមផ្លូវ ប្លន់យកបានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿងបានសម្រេច រួចបើកម៉ូតូគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ខាងកើតផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជាអ្នកបកប្រែឲ្យជនជាតិចិនម្នាក់បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូក មិនចាំស្លាកលេខ បានទៅយកមិត្តភក្តិស្ត្រីជនជាតិចិនដូចគ្នាម្នាក់ទៀត តែនាងមិនបានមកជាមួយនោះទេ។រួចជនរងគ្រោះបានបើកម៉ូតូត្រឡប់មកវិញ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់បើកម៉ូតូមួយគ្រឿងមិនចាំស្លាកលេខមកពីក្រោយរួចក៏ធាក់ជនរងគ្រោះឲ្យដួល រួចប្លន់យកម៉ូតូមួយគ្រឿងនិងទូរស័ព្ទដៃ ២គ្រឿង គេចខ្លួនបាត់។ ភ្លាមៗនោះជនរងគ្រោះបានហៅមិត្តភក្តិ និងមានដំបងដែក១ដើមជាប់នឹងខ្លួនផង បាននាំគ្នាដើរមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកសួរនាំ និងបានឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលងាយស្រួលសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ តែជនរងគ្រោះមិនព្រម ក៏បាននាំគ្នាត្រឡប់ទៅកន្លែងស្នាក់វិញ៕ ជ្រោយពេជ្រ