ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទក្នុងខេត្តកំពង់ធំ ជាប្រភពចំណូល របស់លោក ប៉ែន វណ្ណរិទ្ធ

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នតាមបឹងបួ តាមអូរ តាមព្រែក ក្នុងស្រុកសន្ទុក កើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យដោយសារមានការបើកដៃពីសំណាក់លោក គូ ប៊ុនទឹង នាយផ្នែក រដ្ឋបាលជលផលទទួលបន្ទុក៥ស្រុក។ ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បាន បង្ហើបឲ្យដឹងថា ប្រការដែលលោក គូ ប៊ុនទឹង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ដោយ សារអាងមានលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ជា​បង្អែកដ៏រឹងមាំ។ ជាក់ស្ដែងតាំងពីលោក ប៉ែន វណ្ណរិទ្ធ ទទួលបានតំណែងជាប្រធាន មន្ទីរកសិកម្មខេត្ត កំពង់ធំមកគឺបទល្មើសនេសាទក្នុងស្រុកសន្ទុក និងបណ្ដាស្រុក​ផ្សេងៗទៀតនៅតែ កើតឡើងយ៉ាងអនាធិបតេយ្យ។

ថ្មីៗនេះសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកសន្ទុក បានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាលនៅចំណុចបឹងខ្វែក ចំណុចអន្លង់ព្រីង ចំណុចបឹងព្រោះ ចំណុចចាមបាច ចំណុចបឹងកណ្ដាល និងចំណុច បឹងក្រចៅ ស្រុកសន្ទុក ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផល៥ស្រុក។ ការដែលក្រុមជនល្មើសហ៊ានប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិតាមបឹងបួ អូរព្រែក ក្នុងស្រុកសន្ទុក គឺមានការឃុបឃិត បើកដៃពីសំណាក់លោក គូ ប៊ុនទឹង ហើយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត កំពង់ធំ សម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។

នៅក្នុងរដូវបើកនេសាទនេះប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់ បទល្មើសប្រើឧបករណ៍ខុសច្បាប់រាលដាលយ៉ាងគំហុក ព្រោះមានការឃុបឃិតពី សំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ។ រីឯសេចក្ដីរាយការណ៍ពីប្រជានេសាទនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថា បទល្មើសនេសាទប្រើ ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់កើតឡើងគួរឲ្យព្រួយបារម្ភ ព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទឲ្យបានទាន់ពេលវេលា និងប្រកបប្រសិទ្ធ ភាពនោះទេ៕


ចែករំលែក៖