ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជាបន្តបន្ទាប់ ពីបទ លួចមានស្ថានទម្ងន់ទោស នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ ភូមិទី៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១/ឈ្មោះ ឯល អាប់ឌុលរ៉ាម៉ាន់ ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១២សាលាវត្តភ្នំ មានទីលំនៅផ្ទះលេខ១០៣ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ២.ឈ្មោះអ៊ុក ចាន់ចំរើន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ និង៣.ឈ្មោះ រ៉ា យូហាន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មុែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកNEX ពណ៌សគ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន751955 និងម៉ូតូ០១គ្រឿងទៀតម៉ាក ស្មាស់វី ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HJ 3067 លេខតួនិងលេខម៉ាស៊ីន152469(ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
ចំណែកជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទប្រុសអាយុប្រហែល៦០ឆ្នាំ ជនជាតិបរទេសស្បែកស ពុំបានដាក់ពាក្យបណ្តឹងបន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃវិញ ហើយជិះម៉ូតូរ៊ឺម៉កចេញទៅបាត់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញរបស់អធិការដ្ឋានកំពុងបន្តសួរចំលើយស្រាវ ជ្រាវរកបក្ខពួកនិងសកម្មភាព ដែលបានប្រព្រឹត្តិកន្លងមកហើយកសាងសំណុំរឿងតាមនីតិវិធី ។
ដោយឡែកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោកចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចូលរួមលើកទឹកចិត្តដល់កម្លាំងអធិការនគរបាលខណ្ឌដូនពេញ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងងការបង្ក្រាបក្រុមចោរឆក់ ដែលបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋក្នុងមូល និងបំផ្លាញសេដ្ឋកិច្ចមូលដ្ឋាន សេដ្ឋកិច្ចជាតិ ។ ក្នុងដំណើរលើកទឹកចិត្តនេះលោក អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានឧបត្ថម្ភថវិកាចំនួន៨០០,០០០៛ និងលោកអធិការបានឧបត្ថម្ភទឹកប្រាកចំនួន៥០០, ០០០៛ ៕ស តារា