ខេត្តសៀមរាប៖ ពលរដ្ឋថ្លែងថា មន្រ្ដីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវបានមហាជនរិះគន់យ៉ាងខ្លាំ ងក្រោយពីចុះបង្រ្កាបឈើក្នុងវត្តអធ្វារ ទោះបីព្រះសង្ឃអះអាងថា ការកាប់អារច្រៀកឈើទាំងនេះដើម្បីធ្វើកុដិទេញោម មិនមែនកាប់លក់នោះទេ ទោះបើបកស្រាយយ៉ាងណា ក៏មន្រ្ដីទាំងនោះ ស្ដាប់មិនបាន ហើយបែរជានាំគ្នាដឹកយកឈើទាំងនោះ ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើឲ្យខាងតែបាន ។ នេះប្រហែលជាអស់លោកចង់បង្រ្កាបយកស្នាដៃដ៏មហិមាហើយមើលទៅ បានជាបង្រ្កាបទាំងទទឹងទិស មិនយល់ពីការងារមិនច្បាស់លាស់ ធ្វើអីលំៗតាមចិត្តនឹកឃើញ ប៉ុន្ដែក្រោយពីមហាជនរិះគន់ខ្លាំងៗ តាមបណ្ដាញព័ត៌មានផ្សេងៗ និងបណ្ដាញសង្គម ទើបសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅព្រឹកថ្ងៃទី២២ ខែតុលា បានសម្រេចដឹកឈើមកប្រគល់ជូនព្រះសង្ឃក្នុងវត្តអធ្វារវិញ ក្រោយពីបានរឹបអូសយករក្សាទុកអស់ប៉ុន្មានថ្ងៃមក ។
ការប្រគល់ជូននេះ គឺបន្ទាប់ពីព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្ត ធ្វើលិខិតស្នើសុំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ដើម្បីយកកសាងកុដិ ព្រោះថាឈើទាំងនោះ ត្រូវបានរឹបអូសដោយសមត្ថកិច្ចរដ្ឋបានព្រៃឈើ ខណៈព្រះសង្ឃកាប់ ដោយពុំបានសុំច្បាប់ជាមុន ។ ក្រោយប្រគល់ឈើហើយ ប្រធានមន្ទីរកសិកម្មលោកទា គឹមសុទ្ធ បានផ្តល់ជូនថវិកាមួយលានរៀលទៀតផងដែរ ។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បាននិយាយថា មូលហេតុដែលនាំឲ្យមានការរឹបអូសឈើខាងលើ គឺដោយសាព្រះសង្ឃកាប់ និងអារដោយពុំបានសុំច្បាប់ ។ ម្យ៉ាវវិញទៀតឈើនៅក្នុងវត្ត គឺស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចឹងទេបើមានការសុំសហការ ខាងជំនាញចាំបាច់ត្រូវសហការ ។
ដោយឡែកព្រះសង្ឃក្នុងវត្តអធ្វារ ក៏មានសង្ឃដីកាផងដែរថា ដោយសារកុដិចាស់មានសភាពឌ្រុតទ្រោម ត្រូវកសាងថ្មីហើយខ្វះថវិកា ស្របពេលដែលដើមឈើទាលខាងលើនេះ នៅក្បែរកុដិ ហើយអាចបង្កហានិភ័យពេលមានភ្លៀងខ្យល់ ទើបសម្រេចកាប់អារបែបនេះ ។ ចំពោះថាការកាប់អារដោយមិនបានសុំច្បាប់នោះ គឺពុំបានដឹងទេ គឺដឹងត្រឹមតែដើមឈើក្នុងវត្ត កាប់យកមកកសាងវត្ត ពុំមែនជាការលក់ដូរ ។ រីឯពេលយប់ឬពេលថ្ងៃនោះ គឺព្រោះតែមានព្រះសង្ឃតែមួយអង្គដែលចេះកាន់រណាយន្ត ហើយលោករវល់ខ្លាំងនៅពេលថ្ងៃ ។ ព្រះតេជគុណបន្តថា ពេលនេះព្រះអង្គ ក៍មានគម្រោងសុំកាប់ចំនួនពីរដើមទៀតផងដែរ ដើម្បីបានកសាងវត្តផ្នែកដំបូល ។ ត្បិតកុដិដែលកំពុងកសាង គឺនៅខ្វះថវិកាច្រើន ។
ទោះបីយ៉ាងណា សមត្ថកិច្ចមេព្រៃនៅមិនទាន់ឆ្លើយតបនោះទេ គ្រាន់តែបញ្ជាក់ថា ដើមឈើក្នុងវត្តមិនអាចសម្រេចឲ្យកាប់ ត្រឹមរដ្ឋបាលព្រៃឈើបាននោះឡើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែតុលា ព្រះសង្ឃក្នុងវត្តអធ្វារបានសម្រេចកាប់ឈើទាលមួយដើម(ដើមយាង)បំណងអារជាគ្រឿងដើម្បីធ្វើដំបូលកុដិដែលកំពុងសាងសង់ ។ ប៉ុន្តែក្នុងពេលបន្ទាប់មក ក៏ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមេព្រៃខេត្ត ចុះទៅចាប់ និងរឹបអូសយកទៅរក្សាទុក ដោយអះអាងថា ឈើខុសច្បាប់(Sic)៕ ប៊ុនរិទ្ធី