ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់ស្លាប់, ម្នាក់ដាច់ខ្លួនជា២កំណាត់ ដោយសាររថយន្តធុនធំបុក និងកិន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួន៣លើកក្នុងរាជធានីភ្នំពេញ ក្នុងរយះពេលមួយយប់ ដោយ២ករណីកើតនៅក្នុងខណ្ឌព្រែកព្នៅ និងមួយករណីទៀតកើតឡើងនៅខណ្ឌដង្កោ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ដោយសារតែរថយន្តធុនធំចំនួន៣គ្រឿងបើកបុក និងកិន ។

ជាក់ស្តែងករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះម៉ែន រ៉ាទីន ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ បានស្លាប់ដោយសារបោកក្បាលជាមួយនិងរថយន្តកុងតឺន័រពីក្រោយ ខណៈដែលម៉ូតូមួយគ្រឿងម៉ាក់ស្មាសវី ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1 DH 3149 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រ ពាក់ស្លាក លេខភ្នំពេញ3A 7587 ចតចោលលើចិញ្ចើមផ្លូវពេញទំហឹង ។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះឈ្មោះសួន មុន្នីរ៉ា លើមហាវិថីឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បណ្ដាលឲ្យបុរសម្នាក់ឈ្មោះលឹម ចាន់ដែន ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិព្រែកប្រណាក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងម៉ាក QBX ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HT-3260 ទៅបុកជាមួយរថយន្តដឹកប្រេងយីហោCHENG LONG ពណ៌សពាក់ស្លាកលេខ កោះកុង 3A-0582 ដែលចតស្ងៀម ដែលមិនបានដាក់ស្លាកសញ្ញាសម្គាល់ បើកបរដោយឈ្មោះជិនជឿនភេទប្រុសអាយុ៣៩ឆ្នាំមុខរបរបើកបរ ស្នាក់នៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង ( ត្រូវសមត្ថកិច្ចឃាត់ខ្លួន ) ។

ដោយឡែកករណីទី៣ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអាធាត្រឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចម្តុំយឿត្រីព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង ម្នាក់ទៀតបានត្រូវរងរបួសស្រាល ខណៈជិះម៉ូតូមកពីលេងផ្ទះមិត្តភក្តិ រួចបានជិះទាក់ដៃចង្កូតជាមួយនិង រថយន្តកុងទីន័រ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនអ្នកឌុបដាច់ខ្លួនជា២កំណាត់ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះហ៊ាភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ចំណែកឯអ្នកអង្គុយពីក្រោយឈ្មោះចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកោះទាវ ស្រុកស្អាង ខេត្តកណ្តាល រងរបួសស្រាល ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជាជនរងគ្រោះ បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខភ្នំពេញ1BA-6930បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ទើបតែចេញមកពីលេងផ្ទះមិត្តភក្តិនៅឯម្តុំព្រែកព្នៅ បំណងជិះទៅផ្ទះនៅឯម្តុំលូ៥ ខណៈដែលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ត២គ្រឿងនៅពីមុខ ដោយមួយគ្រឿងនៅខាងស្តាំជារថយន្តក្រុងហើយរថយន្តមួយគ្រឿងទៀតនៅខាងឆ្វេង

ជារថយន្តកុងទីន័រ ។ ភ្លាមនោះដែរក៏បានទាក់ដៃចង្កូតជាមួយរថយន្តកុងទ័រ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនចំពាក់កណ្តាលខ្លួនដាច់ជា២កំណាត់តែម្តង ។ ចំណែករថយន្តកុងទីន័រ បានបើករត់គេចខ្លួនបាត់ស្រមោល មិនបានឈប់នៅដោះស្រាយគ្នាជាមួយជនរងគ្រោះនោះទេ ។

ក្រោយកើតហេតុសពជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ។ ដោយឡែកវត្ថុតាងមានរថយន្ត២គ្រឿង និងម៉ូតូជនរងគ្រោះចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាសវែងយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមច្បាប់ ៕ ធឿនព្រែកជ័យ+ភារ៉ា ដង្កោ


ចែករំលែក៖