ខេត្តកោះកុង ៖ បុរសម្នាក់ជាមនុស្សស្រវឹងខួប បានត្រូវនគរបាលស្រុកស្រែអំបិលឃាត់ខ្លួន កាលពីរសៀល ថ្ងៃ សៅរ៍ ៦កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារដោយសារធ្វើអី្វប្រពន្ធមិនកើត និងមានភ្លើងប្រចណ្ឌផងក៏ដុតកម្ទេចម៉ូតូ១គ្រឿងឆេះម៉ដ្ឋ។
មន្រ្តីនគរបាល ស្រុកស្រែអំបឹលបានឲ្យដឹងថា បុរសរូបនេះឈ្មោះ រ៉េត កង អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល គ្មានមុខរបរពិតប្រាកដ ជាមនុស្សប្រមឹកស្រវឹងរាល់ថ្ងៃ ហើយតែងតែរករឿងប្រពន្ធដោយសារការប្រចណ្ឌ ។
ជាក់ស្តែង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសរូបនេះផឹកស្រាស្រវឹងបានប្រើអំពើហិង្សាក្នុងគ្រួសារ ជេរប្រមាថ និងវាយប្រពន្ធឈ្មោះ កើត ម៉េវ អាយុ២៩ឆ្នាំ បណ្តាលឲ្យមានរបួសស្នាម ព្រមទាំងធ្វើឲ្យខូចខាតសម្ភារក្នុងផ្ទះជាច្រើន និងដុតបំផ្លាញម៉ូតូមួយគ្រឿងចោលទៀតផង ដោយចោទប្រពន្ធថា សហាយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបុរសរូបនេះបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕ ប្រាថ្នា