ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌ ប្តីចិត្តស្រាលដុតម៉ូតូឆេះម៉ដ្ឋ

ចែករំលែក៖

ខេត្តកោះកុង ៖  បុរស​ម្នាក់​ជា​មនុស្ស​ស្រវឹង​ខួប បាន​ត្រូវ​នគរបាល​ស្រុកស្រែអំបិល​ឃាត់ខ្លួន កាលពីរសៀល ថ្ងៃ សៅរ៍ ៦កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅ​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្នុង​គ្រួសារ​ដោយសារ​ធ្វើ​អី្វ​ប្រពន្ធ​មិនកើត និងមានភ្លើងប្រចណ្ឌផងក៏​ដុត​កម្ទេច​ម៉ូតូ១គ្រឿងឆេះម៉ដ្ឋ។

មន្រ្តីនគរបាល ស្រុកស្រែអំបឹលបានឲ្យដឹងថា បុរស​រូប​នេះ​ឈ្មោះ រ៉េ​ត កង អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល គ្មាន​មុខរបរ​ពិតប្រាកដ ​ជា​មនុស្ស​ប្រមឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​តែងតែ​រករឿង​ប្រពន្ធ​ដោយសារ​ការ​ប្រចណ្ឌ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ ឆ្នាំ២០១៩ បុរស​រូប​នេះផឹកស្រា​ស្រវឹង​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជេរ​ប្រមាថ និង​វាយ​ប្រពន្ធ​ឈ្មោះ កើត ម៉េ​វ អាយុ​២៩​ឆ្នាំ បណ្តាល​ឲ្យ​មាន​របួស​ស្នាម ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ក្នុងផ្ទះជាច្រើន និង​ដុត​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង​ចោល​ទៀត​ផង ដោយចោទប្រពន្ធថា សហាយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយ​កើតហេតុ សមត្ថ​កិច្ច​បាន​ទៅ​ដល់កន្លែងកើតហេតុឃាត់ខ្លួន​បុរសរូបនេះបញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕ ប្រាថ្នា

 


ចែករំលែក៖