ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះគេ រួចលួចលុយអស់មួយចំនួន ខណៈដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ ចុងក្រោយជនរងគ្រោះជាម្ចាស់ផ្ទះដឹង ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ករណីនេះ បានកើតឡើង នៅថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទី ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ដុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ៣៦ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ដោយឡែកទ្រព្យសម្បត្ដិបាត់បង់៖ ប្រាក់ដុល្លារចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់បាតចំនួន៦០០០បាត និងប្រាក់រៀលចំនួន៣០០,០០០រៀល។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចចំនួន៤លើកមកហើយ រួមទាំងធ្លាប់លួចម៉ូតូ របស់ជនរងគ្រោះផងដែរ ។ លុះមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក ជនរងគ្រោះ បានចេញពីផ្ទះរបស់ខ្លួន ទៅធ្វើការរោងចក្រ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ដោយទុកឲ្យកូនៗនៅចាំផ្ទះ ។ លុះរហូតមកដល់វេលាម៉ោង៧ យប់ ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះវិញ ស្រាប់តែឈ្មោះ មីង វ៉ូ បានប្រាប់ថា បានឃើញ ជនសង្សយ័ បានឡើងទៅលើផ្ទះ ឮដូច្នេះ ជនរងគ្រោះបាន ឡើងទៅលើផ្ទះមើលសម្ភារះ និងទ្រព្យសម្បត្តិរបស់ខ្លួន ឃើញនៅក្នុងទូរបាត់បង់ប្រាក់ដូចបានរៀបរាប់ខាងលើ ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយអំពារ ដើម្បីជួយអន្ដរាគមន៍ចាត់ការតាមច្បាប់។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចនាំជនសង្សយ័ មកសាកសួរនៅប៉ុស្តិ៍ ដោយជនសង្សយ័បានសារភាពថា ខ្លួនពិតជាបានឡើងលួចប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន ក្រោយពីស្ដាប់ការសារភាពរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ