ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំនិងមន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយសិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លេីងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។
ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។
ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ណាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែរ ជាតិ សាសនា និងព្រះមហាក្សត្រ” ៕