ព័ត៌មានទាន់ហេតុការណ៍៖

ពិរុទ្ធជនម្នាក់ស្លាប់ក្នុងពន្ធនាគារខេត្ដកណ្ដាលសង្ស័យស្ទះសរសៃឈាមបេះដូង

ចែករំលែក៖

ខេត្តកណ្ដាលៈ ពិរុទ្ធជនម្នាក់ ដែលជាប់ក្នុងពន្ធនាគារខេត្ដកណ្ដាល បានស្លាប់យ៉ាងអណោចអធ័ម ដោយសង្ស័យថា ការស្លាប់នេះ បណ្ដាលមកពីស្ទះសរសៃឈាមបេះដូង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលបច្ចេកទេស និងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា សពពិរុទ្ធជនឈ្មោះ សែម  ហាក់ ភេទប្រុស  អាយុ៤៨ឆ្នាំ មានទីលំនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ១៤៤០ ដកបខឃ ចុះហត្ថលេខាដោយលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកណ្ដាល ពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ដែលប្រព្រឹត្ដិត្រង់ចំណុចភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុវេលាម៉ោង១៦និង១៥នាទី ពិរុទ្ធជនខាងលើ មានអក្ការៈចុកពោះខ្លាំង បន្ទាប់ពីលោក សៅ ផារិន្ទ អនុប្រធានការិយាល័យ អប់រំកែប្រែ ដឹងថាពិរុទ្ធមានអក្ការៈមិនស្រួល ក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកជ័យជំនះ តែដោយអក្ការៈធ្ងន់ធ្ងរពេក មកដល់ម៉ោង១៧និង២០នាទី ពិរុទ្ធជនក៏បានបានដាច់ខ្យល់ស្លាប់តែម្ដង ។

បន្ទាប់ពីនគរបាលផ្នែកបច្ចេកទេស និងកោសល្យវិច្ច័យទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះទៅធ្វើការពិនិត្យ កោសល្យវិច្ច័យសាកសពឃើញថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។ បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ សពស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង ។

ក្រោយពិនិត្យចប់ សាកសពពិរុទ្ធជនត្រូវបានប្រគល់ជូនលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ លោក ហែម កុសល ឋាន:អនុប្រធានពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តការស្រាវជ្រាវ រកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖