ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងរៀបចំកន្លែងដែលសត្វស្លាបចម្រុះមករស់នៅ រួមគ្នាដើម្បីអភិរក្សសត្វទាំងអស់នេះឲ្យនៅគង់វង្សយូរអង្វែង ហើយអជ្ញាធរខេត្តនឹងរិះរកគ្រប់វិធីសាស្រ្តដើម្បីឲ្យសត្វទាំងនេះរស់នៅបានយូរ ។
នេះជាប្រសាសន៍លើកឡើងរបស់លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះដែរឯកឧត្តម និងលោកជំទាវ បានដឹកនាំក្រុមការងារមានមន្ត្រីជំនាញចុះពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វស្លាបចម្រុះជាច្រើនរាប់ម៉ឺនក្បាលបានមករស់នៅ ត្រង់ចំណុចដីចម្ការឯងជនរបស់លោក ជ ឈុនលី ដីមានផ្ទៃដី ៣,១៦ហិកតា ស្ថិតនៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងនោះ លោក អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ៖ ក្នុងនាមអាជ្ញាធរខេត្តនឹងរួមគ្នាអភិរក្សនូវសត្វទាំងអស់នេះ ដែលអាចនិយាយបានថា ជាសត្វងាយរងគ្រោះពីការប្រមាញ់ពីសំណាក់ជនទុច្ចរិកមួយចំនួនដែលតែងតែឆ្លៀតឱកាសបរបាញ់ឬដាក់អន្ទាក់ ធ្វើឲ្យសត្វទាំងនេះប្រឈមនឹងការបាត់បង់ និងអាចបម្លាស់ទីទៅតំបន់ផ្សេងបើយើងមិនយកចិត្តទុក្ខដាក់រួមគ្នាអភិរក្ស ។ ជាមួយគ្នានោះក៏នឹងរៀបចំតំបន់ដែលសត្វស្លាបចម្រុះមករស់នៅនេះ ទៅជាកន្លែងទេសចរណ៍ទាក់ទាញបងប្អូនប្រជាពលរដ្ឋមកទស្សនានាពេល ល្ងាច ។ ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ចំការដែលបានចូលរួមក្នុងកិច្ចការអភិរក្សសត្វស្លាបចម្រុះទាំងអស់នេះ ឲ្យមកនៅក្នុងចំការរបស់លោក ។
លោកអភិបាលខេត្ត ក៏បានជំរុញណែនាំ ដល់អាជ្ញាធរស្រុក និងឃុំ ត្រូវចាត់ប្រជាការពារចុះការពារ និងតាមដានឲ្យបានដិតដល់ជាប្រចាំ នៅចំណុចដែលសត្វស្លាបទាំងអស់មករស់នៅ ត្រូវទប់ស្កាត់ឲ្យបានរាល់ករណីបរបាញ់ ឬដាក់អន្ទាក់ជាដើម ។
លោក ថា ឌី មេឃុំបន្ទាយនាង បានប្រាប់ថា ៖ ចំនួនសត្វស្លាបដែលមកនៅចំការខាងលើ មកទល់ពេលនេះ គឺចំនួនមិនមានការកើនឡើង ឬថយចុះនោះទេ ពោលគឺនៅថេរ ហើយនៅពេលល្ងាច ចាប់ពីវេលាម៉ោង៥និង៣០នាទីល្ងាច មានបងប្អូនប្រជាពលរដ្ឋមកទស្សនាយ៉ាងច្រើនកុះករផងដែរ ។ ជាមួយនឹងការមកទស្សនា អាជ្ញាធរមិនអនុញ្ញាតឲ្យមានការចាក់ឧបករណ៍បំពងសំឡេង ដូចជាធុងបាស់ ឬស្ពីកឃ័រជាដើម ដែលអាចធ្វើឲ្យរំខានដល់សត្វទាំងនេះ នឹងបម្លាស់ទៅកន្លែងផ្សេងបាន ។
ដោយឡែកលោក ជ ឈុនលី ដែលជាម្ចាស់ចម្ការ ក៏បានបញ្ជាក់ថា ៖ លោករីករាយ និងសហការជាមួយអាជ្ញាធរ ក្នុងការអភិរក្សសត្វទាំងអស់នេះឲ្យនៅស្ថិតស្ថេរ ពិសេសសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត ត្រូវជួយទបស្កាត់ កុំឲ្យកើតមានករណីបបាញ់សត្វទាំងនេះ ដែលអាចធ្វើឲ្យសត្វទាំងនេះបម្លាស់ទីទៅកន្លែងផ្សេង ដែលកន្លងមានករណីបបាញ់នៅដីចម្ការរបស់លោកធ្វើឲ្យសត្វទាំងអស់នេះបម្លាស់ទៅកន្លែងផ្សេងម្តងរួចមកហើយ តែពេលនេះ វត្តមានសត្វចម្រុះទាំងអស់នេះ មករស់នៅកន្លែងដើមវិញហើយ ។
សូមបញ្ជាក់ថា ៖ វត្តមានសត្វស្លាបចម្រុះទាំងអស់នេះ ដែលមករស់នៅដីចម្ការខាងលើមានដូចជា ៖ សត្វកុក ក្រៀលខ្យង ក្អែកទឹក ក្អែកគោក ប្រវឹកជាដើម ហើយចំពោះសត្វដែលសម្បូនិងច្រើនជាគេគឺ ប្រភេទសត្វកុក៕ វណ្ណា