ព័ត៌មានទាន់ហេតុការណ៍៖

ទៅ​ចូលរួមខួបកំណើត​គេ ឆ្លៀតឱកាស​ចូលក្នុង​បន្ទប់​លួច​យក​មាស​បានជា​ង៣តម្លឹង​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់បានទៅ​ចូលរួម​ធ្វើ​កម្មវិធី​ខួបកំណើតកូនអ្នកភូមិ ហើយឃើញឱកាសល្អ​ចូលក្នុង​បន្ទប់​គេ​លួច​យក​មាស​បានជា​ច្រើន​តតម្លឹង​រួច​គេចខ្លួនបាត់ តែក្រោយមកត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មណ្ឌល​បី ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ រុន ម៉ាឡៃ ភេទ ស្រី អាយុ ៤៦​ឆ្នាំ រស់នៅក្នុង​ភូមិ​មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ​ជនសង្ស័យ​ឈ្មោះ ផាត ចន្ថា ភេទ​ស្រី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា។ នៅថ្ងៃ​កើតហេតុ​នោះ​ខ្លួន​បានធ្វើ​កម្មវិធី​ខួបកំណើតខ្លួនគាត់ និង​បាន​ហៅ​អ្នកជិតខាង​ប្រមាណ ៣០​នាក់​ឲ្យ​ចូលរួម ក្នុងនោះ​មាន​ជនសង្ស័យ​ផងដែរ។ ក្រោយពី​កម្មវិធី​ចាប់ផ្តើម ជនសង្ស័យ​បាន​ឆ្លៀតឱកាស​ចូលក្នុង​បន្ទប់​ហើយ​ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​មានតម្លៃដូចជា ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​ចំនួន ២​ខ្សែ ខ្សែក​លោហធាតុ​ពណ៌​លឿង ចំនួន​១​ខ្សែ ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង ៣​វង់និង ក្រវិល​លោហធាតុ​ពណ៌​លឿង​១​គូ (គិតជាមាសសុទ្ធជាងបីតម្លឹង)ហើយ​បានគេច​ខ្លួន​ត្រឡប់មកផ្ទះ​វិញ​បាត់ ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បន្តថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ហើយ​លោក​បាន​ដឹកនាំ កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​កោះហៅ​ជនសង្ស័យ​មក​សាកសួរ ហើយ​ឆែកឆេរ​ក្នុង​បន្ទប់​របស់​ជនសង្ស័យ​ស្នាក់នៅក៏រកឃើញ​សម្ភារៈ​លោហធាតុ​ទាំងនោះ​លាក់ទុក​ក្នុង​កំប៉ុង​ម្សៅ។​ក្រោយពី​រកឃើញ​ហើយ​បានធ្វើ​ការប្រគល់​សម្ភារៈ​ទាំងនោះ​ជូន​ម្ចាស់​ដើម​វិញ ។​ចំណែក​ជនសង្ស័យ​បាន​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។

កម្លាំងកងរាជ​អាវុធហត្ថ​ខេត្ត​ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ដូច្នេះ ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ អំពើ​លួច ហើយ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ប្រាថ្នា


ចែករំលែក៖