ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានទៅចូលរួមធ្វើកម្មវិធីខួបកំណើតកូនអ្នកភូមិ ហើយឃើញឱកាសល្អចូលក្នុងបន្ទប់គេលួចយកមាសបានជាច្រើនតតម្លឹងរួចគេចខ្លួនបាត់ តែក្រោយមកត្រូវអាវុធហត្ថឃាត់ខ្លួនបាននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ ត្រង់ចំណុចមណ្ឌលបី ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រុន ម៉ាឡៃ ភេទ ស្រី អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាត ចន្ថា ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិជាមួយគ្នា។ នៅថ្ងៃកើតហេតុនោះខ្លួនបានធ្វើកម្មវិធីខួបកំណើតខ្លួនគាត់ និងបានហៅអ្នកជិតខាងប្រមាណ ៣០នាក់ឲ្យចូលរួម ក្នុងនោះមានជនសង្ស័យផងដែរ។ ក្រោយពីកម្មវិធីចាប់ផ្តើម ជនសង្ស័យបានឆ្លៀតឱកាសចូលក្នុងបន្ទប់ហើយធ្វើសកម្មភាពលួចយកសម្ភារៈមានតម្លៃដូចជា ខ្សែដៃលោហធាតុពណ៌លឿងចំនួន ២ខ្សែ ខ្សែកលោហធាតុពណ៌លឿង ចំនួន១ខ្សែ ចិញ្ចៀនលោហធាតុពណ៌លឿង ៣វង់និង ក្រវិលលោហធាតុពណ៌លឿង១គូ (គិតជាមាសសុទ្ធជាងបីតម្លឹង)ហើយបានគេចខ្លួនត្រឡប់មកផ្ទះវិញបាត់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងហើយលោកបានដឹកនាំ កម្លាំងជំនាញចុះធ្វើការស៊ើបអង្កេត និងកោះហៅជនសង្ស័យមកសាកសួរ ហើយឆែកឆេរក្នុងបន្ទប់របស់ជនសង្ស័យស្នាក់នៅក៏រកឃើញសម្ភារៈលោហធាតុទាំងនោះលាក់ទុកក្នុងកំប៉ុងម្សៅ។ក្រោយពីរកឃើញហើយបានធ្វើការប្រគល់សម្ភារៈទាំងនោះជូនម្ចាស់ដើមវិញ ។ចំណែកជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
កម្លាំងកងរាជអាវុធហត្ថខេត្តក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ដូច្នេះ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ អំពើលួច ហើយត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា