ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់គ្រឿងញៀនដល់កំរិតសង្ស័យវង្វេងស្មារតី រត់ទៅចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករឃ្លាំងក្រណាត់ម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួនជាប់នឹងកាំជណ្តើរឡើងបន្ទប់ជួលដែលទើបនឹងមកជួលស្នាក់នៅបាន២ថ្ងៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៩ ស្ថិតនៅតាមជណ្តើរផ្លូវឡើងផ្ទះជួល ផ្លូវលំ ក្រុម២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយសង្ស័យវង្វេងស្មារតី ខណៈប្រើប្រាស់គ្រឿងញៀនញឹកញាប់ពេក ។

សពជនរងគ្រោះមានឈ្មោះ ជា សុខនី ភេទប្រុស អាយុ៣២ឆ្នាំ កម្មករឃ្លាំងក្រណាត់ ស្នាក់នៅក្នុងភូមិកើតហេតុ មានប្រពន្ធឈ្មោះ វឿន សុភ័ស្ត អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ទើបមកជួលបន្ទប់ជាន់លើ ផ្ទះកើតហេតុ បាន២ថ្ងៃ មានស្រុកកំណើត ភូមិកោះកៅ ឃុំកោះកៅ ស្រុកល្វឯម ខេត្តកណ្តាល ។ គ្រួសារខាងលើ មានកូនប្រុសម្នាក់ អាយុ៦ឆ្នាំ រស់នៅជាមួយជីដូនឯស្រុកកំណើត ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ មានកូនប្រុសម្នាក់ជាចំណងស្នេហ៍ ហើយដើម្បីសម្រួលដោះបន្ទុកក្នុងគ្រួសារ ក៏បាននាំគ្នាមកទីក្រុងភ្នំពេញ ដោយធ្វើការងារជាកម្មករ ក៏ប៉ុន្តែតាំងពីនាំគ្នាមក ស្នាក់អាស្រ័យ របរការងារ នៅរាជធានីភ្នំពេញ អស់រយៈពេលជាង៣ឆ្នាំមកហើយនេះ ប្តីចេះឈ្លក់វង្វេងនឹងល្បែងគ្រឿងញៀន ផឹកសុី ជារឿយៗ តែងតែដាសតឿន អប់រំ បញ្ឈប់ល្បែងអស់ទាំងនេះ តែប្តីមិនស្តាប់ ។

ស្ត្រីជាប្រពន្ធបានបន្តថា ទើបតែ២ថ្ងៃមុនកើតហេតុនេះទេ ដែលនាងមកជួលផ្ទះនៅចំណុចខាងលើស្នាក់នៅ ព្រោះដេកសម្រាកនៅឃ្លាំងក្រណាត់ ជួបការពិបាក ហើយនៅវេលាម៉ោងខាងលើ ខណៈដែលដេកសម្រាកនៅក្នុងបន្ទប់ជាន់លើ ស្រាប់តែមានអ្នកជិតខាង ដាស់ទ្វារហៅ ប្រាប់ថាមានមនុស្សចងកសម្លាប់ខ្លួននៅមាត់ជណ្តើរមុខបន្ទប់នាង គ្រាន់តែចេញមកអើតមើល ស្រាប់តែឃើញប្តីរបស់នាង មិនដឹងថា មកសម្លាប់ខ្លួនតាំងពីពេលណានោះទេ ទើបផ្អើលឆោឡោ ។

សាកសពខាងលើ ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យផ្ទាល់ ដោយយកខ្សែចងភ្ជាប់នឹង បង្កាន់ដៃជណ្តើរ ហើយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖