ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីម្តាយហៅមិនងើប រុញទ្វារបន្ទប់ជួលមើល ឃើញកូនដេកស្លាប់ក្នុងបន្ទប់ទើប ផ្អើលឆោឡោ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីម្តាយហៅមិនងើប រុញទ្វារបន្ទប់ជួលមើល ឃើញកូនដេកស្លាប់ក្នុងបន្ទប់ទើបឆោឡោ ស្រែកទ្រហោយំ ស្រណោះ អាណិតកូន ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះលេខប៉េ១៥ ផ្លូវលំ ក្រុម៣ ភូមិកាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង ថារិទ្ធ អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអគ្គិសនី មានទីលំនៅ ផ្ទះកើតហេតុ មានម្តាយឈ្មោះ គឹម ស្រី អាយុ៤៧ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានបងប្អូនចំនួន៤នាក់ ប្រុស១នាក់ ស្រី៣នាក់ ជនរងគ្រោះជាកូនទី២ នៅក្នុងគ្រួសារ ។

តាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុមានការភ្ញាក់ផ្អើលនេះ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះ ក្រោយត្រលប់មកពីលេងបាល់ទះ ជាមួយមិត្តភក្ដិវិញ ក៏បាននាំគ្នាទិញស្រាបៀរផឹក រហូតដល់យប់ ទើបចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ហើយជនរងគ្រោះ ក៏ចូលដេកនៅក្នុងបន្ទប់បាត់ទៅ លុះរហូតដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា គ្មានសមាជិកក្នុងគ្រួសារណា ចាប់អារម្មណ៍ទេ មិនឃើញជនរងគ្រោះងើបសោះ ម៉ោងកាន់តែច្រើន ម្យ៉ាងដើមសប្តាហ៍ មិនឃើញងើបទៅធ្វើការ ម្តាយទៅគោះទ្វារហៅ នៅមិនឆ្លើយ រុញទ្វារចូលមើល ទើបឃើញកូនប្រុសដេកស្លាប់បាត់ទៅហើយ ទើបឆោឡោ ទាំងសាច់ញាតិ ក្រុមគ្រួសារ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចបានឲ្យដឹងថា សពជនរងគ្រោះ ស្លាប់ដោយសារជំងឺខ្យល់គ រួចប្រគល់សពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ជ្រោយពេជ្រ


ចែករំលែក៖