ខណៈដែលធនធានរ៉ែនៅក្នុងស្រទប់ផែនដី ត្រូវបានមនុស្សខួងយកកាន់តែច្រើន ធ្វើឲ្យលំនឹងផែនដីត្រូវបាត់បង់តុល្យភាព ក៏ជាហេតុផល១ ក្នុងចំណោមហេតុផលបង្កឲ្យមានការរញ្ជួយដីកើតឡើង ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសដែល មិនធ្លាប់រងការរញ្ជួយដីពីមុនមក កាន់តែធ្វើឲ្យពលរដ្ឋបារម្ភពីការរញ្ជួយដីទ្រង់ទ្រាយធំកើតឡើងនៅពេលអនាគត បង្កវិនាសកម្មដល់មនុស្សជាតិ ។ កន្លងមកថ្មីៗ មានការរញ្ជួយដីកើតឡើងនៅក្នុងប្រទេសឡាវ និងថៃ ហើយពេលនេះ នៅឥណ្ឌូនេស៊ីរងការរញ្ជួយដីវិញម្តង។
មន្ត្រីបាននិយាយថា ការរញ្ជួយដីទ្រង់ទ្រាយធំ ៦.១រ៉ិចទ័របានកើតឡើង នៅប្រទេសឥណ្ឌូនេស៊ី ភាគខាងកើតបំផុតតំបន់ បាពួរ ឆ្ងាយពីតំបន់មនុស្សរស់នៅ ហើយមិនមានការគំរាមកំហែង ឬភ័យព្រួយអំពីរលកយក្សស៊ូណាមិអ្វីនោះទេ ។
ក្រុមវាស់ស្ទង់ភូគម្ភសាស្ត្រអាមេរិក (USGS) បញ្ជាក់ថា ការរញ្ជួយដីនេះ ទំហំ៦.១រ៉ិចទ័រ មានជម្រៅ១០គីឡូម៉ែត្រ កើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ។ នេះជាការរញ្ជួយដីរាក ហើយមានទំនោរខូចខាតខ្លាំងជាងការរញ្ជួយដីមានជម្រៅជ្រៅជាងនេះ ។
លោក Rahmat Triyono ប្រធានមជ្ឈមណ្ឌលគ្រោះរញ្ជួយដី, ស៊ូណាមិ, ឧតុនិយម, អាកាសធាតុ និងភូមិវិទ្យា របស់ឥណ្ឌូនេស៊ីបញ្ជាក់ថា ពុំមានហានិភ័យអំពីរលកយក្សស៊ូណាមិ បង្កឡើងដោយសារការរញ្ជួយដីនេះទេ ។ នៅពេលនេះ មិនមានរបាយការណ៍ខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះដែរ ។
លោកបានបន្តថា អ្នកស្រុកភាគច្រើននៅខេត្ត West Papua រដ្ឋធានីManokwari គ្មានអារម្មណ៍ដឹងថា មានការរញ្ជួយដីទេ ។
ដោយមានប្រជាជនរស់នៅប្រហែល ៨៧៧ ០០០នាក់, ខេត្ត West Papua នេះជាខេត្តដែលមានពលរដ្ឋរស់នៅតិចបំផុតរបស់ឥណ្ឌូនេស៊ី៕