ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីជនជាតិហុល្លង់ម្នាក់ ខ្យល់គរស្លាប់ នៅចំណុចហាងយីហោ រសជាតិឥណ្ឌា ស្ថិតក្នុងក្រុមទី០៥ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថតកិច្ចជំនាញក្រុងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ គ្រូនីង (VAN KRUINING) ជនជាតិ ហុល្លង់ (NEDERLAND) ភេទប្រុស អាយុ ៦៨ ឆ្នាំ មានទីលំនៅបណ្តោះអាសន្នភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីត្រួតពិនិត្យដោយមន្រ្តីជំនាញកោសល្យពិច័យនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង សន្និដ្ឋានឃើញថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺខ្យល់គរ (ដាច់សសៃឈាមខួរក្បាល) ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានមន្រ្តីជំនាញការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រេចបញ្ជូនទៅឲ្យស្ថានទូតនៅរាជធានីភ្នំពេញ ដើម្បីឲ្យសាច់ញតិមកទទួល ៕ ស សារ៉េត