ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បញ្ជូនឈ្មួញឈើម្នាក់ទៅតុលាកា និងដកហូតឈើប្រណីតជិត ២០ម៉ែត្រត្រីគុណ ចំកណ្ដាលស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង ចម្រុះខេត្តពោធិ៍សាត់ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការបង្រ្កាប និងឆែកឆេរលំនៅឋានមួយកន្លែង ចំកណ្ដាលស្រុកភ្នំក្រវាញ រកឃើញឈើប្រភេទប្រណីតច្រើនប្រភេទជិត ២០ម៉ែត្រត្រីគុណ និងឃាត់ខ្លួនអ្នកជំនួញឈើម្នាក់ផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រតិបត្តិការពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា ការឆែកឆេរជាលទ្ធផល៖ កម្លាំងរកឃើញ និងធ្វើការដកហូតរួមមាន ឈើប្រភេទប្រណិត(ធ្នង់)ចំនួន ៦៧៤ដុំ ស្មើនឹងចំនួន ៩,០៤៤ម៉ែត្រត្រីគុណ (ប្រាំបួនម៉ែត្រត្រីគុណសូនម៉ែត្រសែសិបបួន) ឈើប្រភេទប្រណីត(បេង)ចំនួន ៤២ដុំ ស្មើនឹងចំនួន ១,២៥៦ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណពីរយហាសិបប្រាំមួយ) ឈើប្រភេទ ប្រណីត(នានួន)ចំនួន ២៦ដុំ ស្មើនឹង ០,៤៨១ម៉ែត្រត្រីគុណ(សូនម៉ែត្រត្រីគុណបួនរយប៉ែតសិបមួយ) ឈើប្រភេទប្រណិត(ក្រញូង)ចំនួន ៩៧ដុំ ស្មើនឹងចំនួន ០,០៧៧ម៉ែត្រត្រីគុណ(សូនម៉ែត្រត្រីគុណសូនចិត្តសិបប្រាំពី) ឈើប្រភេទលេខ១ត្រសេកចំនួន ៥ដុំ ស្មើនឹងចំនួន ០,៥០០(សូនម៉ែត្រត្រីគុណប្រាំរយ) និងឈើប្រភេទលេខ១សុក្រមចំនួន ១២ដុំ ស្មើនឹងចំនួន ០,៥៧០ម៉ែត្រត្រីគុណ(សូនម៉ែត្រត្រីគុណ) សរុបចំនួន ១៣,៧០៩ម៉ែត្រត្រីគុណ(ដប់បីម៉ែត្រត្រីគុណប្រាំពីរយប្រាំបួន) ។

ប្រភពខាងលើបន្តថា ក្នុងនោះកម្លាំងឃាត់ចាប់ខ្លួនស្រ្តីជំនួញឈើជាម្ចាស់ផ្ទះម្នាក់ផងដែរ ឈ្មោះ ថេត ចន្ទី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ដែលគេស្គាល់ប្ដីរបស់គាត់ឈ្មោះ រ៉ា ហើយស្រ្តីជាប់ពាក់ព័ន្ធករណីខាងលើនេះ បានបំពេញនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចំណែកវត្ថុតាង(ឈើ)ទាំងអស់ដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការអង្កការមិត្តសម្ព័នសត្វព្រៃរវៀង ៕ ប៉ឹម ពិន


ចែករំលែក៖