ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរសម្ភារបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង និងបកកញ្ចក់ខ្មៅ នៅលើកំណាត់ហាណូយ កែងផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងឃាត់រថយន្តពាក់ស្លាកលេខ ខ.ម ចំនួន៤គ្រឿងធ្វើការត្រួតពិនិត្យផងដែរ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់រថយន្តពាក់ស្លាកលេខ ខ.ម ចំនួន៤គ្រឿង និងត្រួតពិនិត្យឯកសារ ឃើញថាស្លាកលេខទាំងនោះពិតជាត្រឹមត្រូវ មិនមែនស្លាកលេខក្លែងក្លាយនោះទេ ក៏ឲ្យបន្តដំណើរទៅមុខទៀត ។ ចំណែកកម្លាំងជំនាញក៏ដូចជាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានបន្តចេញល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវផងដែរ ។
គួរបញ្ជាក់ថាកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រចាំត្រូវក្រោកពីព្រលឹម ហាត់កីឡា ដើម្បីសុខភាព ភាពរហ័សរហួន រួចរួសរាន់ងូចទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជូនសិស្សានុសិស្សឆ្លងផ្លូវ និងបងប្អូនប្រជាពលរដ្ឋ ហើយឆ្លៀតពេលធ្វើអនាម័យ ដើររើសសំរាមតាមគោលដៅ ដែលកម្លាំង បានឈរជើង តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ៕ ចន្ទ លីហ្សា