ខេត្តកំពង់ឆ្នាំង៖ មានកាណូតមួយគ្រឿងខណៈម្ចាស់បើកបរលើទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះត្រង់ម៉ាស៊ីន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះនៅខាងមុខស្ថានីយ៍កល់ប្រេងមួយកន្លែង ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេខ្លាច ភ្លើងភ្លើងឆេះរាលដាលដល់ស្ថានីយ៍ប្រេង នឹងនៅទីនោះមានផ្ទះប្រជាជនបណ្ដែតទឹកច្រើនខ្នងផងដែរ។ បន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើងប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នាជួយជ្រោមជ្រែងជាមួយម្ចាស់ស្ថានីយ៍ប្រេងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ ៣បំពង់ និងប្រជាពលរដ្ឋខ្លះយកម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង បាញ់ស្រោចទៅលើកាណូតដែលកំពុងឆេះទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ប៉ុន្តែមានមនុស្សម្នាក់រងរបួលស្រាល ។
សាក្សីបានឲ្យដឹងថាក្នុងឧបទ្ទវហេតុខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្ដខ្សែភ្លើងពីម៉ាស៊ីនកាណូតធ្វើឲ្យរាលដាលដល់ប៊ីដុងប្រេងដែលត្រៀមទុកបម្រុងនៅលើកាណូតនេះទើបបង្កមហន្តរាយកាណូតមួយគ្រឿងនេះ ៕ ប្រាថ្នា