ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខេត្តឧត្ដរមានជ័យមិនគាំទ្រចំពោះ សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ មិនឲ្យរថយន្ដធុនធំចូលដឹកកសិផល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បង្ហោះ​តាម​បណ្តាញ​ប្រព័ន្ធ​សង្គម​ហ្វេ​បុក​ កាលពី​រសៀល​ថ្ងៃទី​៣ ​ខែធ្នូ ​ឆ្នាំ​២០១៩ ​ដោយ​មិន​អនុញ្ញាត​ និង​បញ្ឈប់​មិន​ឲ្យ​រថយន្ត​ធុនធំ​ ​ចូល​មក​ដឹក​កសិផល​របស់​កសិក​រ​ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះឡើយ​ ។

មតិមហាជន លើក​ឡើងថា ការ​ហាមឃាត់​ យ៉ាងដូច្នេះ ​​គឺជា​ការ​ធ្វើ​បាប​ប្រជា​កសិក​រ​ខ្លួនឯង ​ និង​បង្ក​ឱកាស​ឱ្យ​ឈ្មួញ​ខ្មែរ​ទិញ​​កសិផល​បាន​ថោក ​ដើម្បី​ទទួល​បាន​កម្រៃ​ច្រើន​លើសលប់​ក្នុង​ការ​នាំ​ចេញទៅ​លក់​នៅ​បរទេស​ ។ ប្រជាកសិករ នៅខេត្តឧត្តរមានជ័យ ​ចាប់​ផ្ដើមប្រមូលផលស្រូវ​ និង​ដំឡូងមី​ ជា​បន្តបន្ទាប់​​ ​តែងតែ​​សូម​អំពាវនាវឲ្យអាជ្ញាធរខេត្ត​ជ្រោមជ្រែង​ធ្វើ ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្រូវវស្សា​ និង​ដំឡូងមី​ ដែល​ផលិត​បាន​​ អាច​លក់ ​បានតម្លៃសមរម្យ​ ដើម្បី​បាន​ប្រាក់​ជួយ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ ។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ កសិករ ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​​រិះគន់​ចំៗ​ ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​របស់​មន្ទីរ​សាធារណ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ដែល​បញ្ឈប់ ​​ និង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​របស់​ឈ្មួញ​ថៃ​ ចូល​មក​ដឹក​កសិផល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។

ការ​ហាម​ឃាត់​រថយន្ដ​របស់​ឈ្មួញថៃ ​មន្ទីរ​សាធារណការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​សំអាង​ថា ​ការ​ចូល​យ៉ាង​ដូច្នេះ​ វា​បណ្តាល​ឲ្យ​ខូច​ខាត​ផ្លូវជាតិ​ ហើយក៏​បង្ករ​ឲ្យ​មាន​បញ្ហា​គ្រោះ​ចរាចរណ៍​កើតមានឡើង ​ជាយថាហេតុ​ផ្សេងៗ​ផង​ដែរ​នៅ​តាម​ដង​ផ្លូវ​ ។ បញ្ហា​ទាំងនេះ​ ប្រជាពលរដ្ឋ​ ​រិះគន់​ចំៗ​ថា ​វា​មិន​មាន​អ្វី​ដែល​ជាហេតុ​បង្ករ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ទៅ និង​ការ​ចូល​មក​ដឹក​កសិផល​របស់​ពួកគាត់​នោះឡើយ​ ចំពោះ​បញ្ហា​នេះ​ ព្រោះ​គ្រប់ការ​ចេញចូល​របស់​រថយន្ត​ឈ្មួញ​ថៃ​ ទាំង​អស់ សុទ្ធតែ​មានការ​បង់​ពន្ធ​ជូន​រដ្ឋ​ស្របច្បាប់ គ្រប់​ក្បាល​ឡាន​ នៅតាម​ច្រកព្រំដែន​ ទើប​អាច​ចូល​មក​ធ្វើ​អាជីវកម្ម​បាន ហើយ​មន្ទីរ​សាធារណការ​ខេត្ត ផ្តោត​សំខាន់​ លើក​ការ​ដឹក​លើស​ ទម្ងន់​ និង​ធ្វើ​ការ​ផាក​វិន័យ​ចំពោះ​រថយន្ត​ណា​ ដែល​ផ្ទុក​លើស​ទម្ងន់​វិញ​នោះ​ ទើប​ជា​ការ​ត្រឹមត្រូវ​ ។

ពាក់ព័ន្ធព័ត៌មាននេះ លោក ឈឿង ផល្លាង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តឧត្តរ​មានជ័យ បាន​ឲ្យដឹងថា ​​សេចក្តីជូនដំណឹង​នេះ ​​គឺ​ខាង​មន្ទីរ​មិន​ទាន់បាន​បិទ​ការ​ចេញចូល​របស់​រថយន្ត​ថៃ​នោះទេ​ គ្រាន់តែ​ជា​ជូនដំណឹង​ឲ្យ​បាន​ដឹង​ ហើយ​ខាង​មន្ទីរ​ និង​សំណូមពរ​ឲ្យ​​រថយន្ត​ថៃ​ទាំងអស់​ ដែល​មក​ចូល​មក​ធ្វើ​អាជីវកម្ម​ ដឹក​កសិផល​ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ត្រូវ​ចូល​មក​បំពេញ​លក្ខខ័ណ្ឌ ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន ​ទើប​មានការ​អនុញ្ញាត ​ចូល​មក​ដឹក​កសិផល​ បាន​ដូច​ធម្មតា​វិញ​ ។

សូមបញ្ជាក់ថា​ សេចក្ដីជូនដំណឹងនេះ ​ ខាង​អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ពុំបាន​ដឹង​ពី​បញ្ហា​នេះ​ឡើយ​ ហើយក៏​មិន​តម្រូវ​ឲ្យ​ខាង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត ធ្វើ​រឿង​យ៉ាង​ដូច្នេះ​ដែរ​ និយាយ​រួម​គឺ​ខាង​មន្ទីរ​ចេញ​សេចក្តី​ជូន​ដំណឹង​ដោយ​ចិត្ត​ឯង​មិនបាន​ឆ្លង​ពី​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ​ ។ គួររម្លឹកថា ​ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនគ្នា​ជាមួយ​ និងខេត្តបូរីរ៉ាំ​ ខេត្តសុរិន្ទ និងខេត្ត ​ស៊ីសាកេត របស់​ប្រទេសថៃ ​គឺពឹង​ផ្អែក​លើទីផ្សារនាំចេញ​កសិផល​ ទៅ​កាន់​ប្រទេសថៃ​ ៕ ប៉ែន នួន


ចែករំលែក៖