ខេត្តឧត្តរមានជ័យ ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តឧត្តរមានជ័យ បង្ហោះតាមបណ្តាញប្រព័ន្ធសង្គមហ្វេបុក កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនអនុញ្ញាត និងបញ្ឈប់មិនឲ្យរថយន្តធុនធំ ចូលមកដឹកកសិផលរបស់កសិករ ក្នុងខេត្តឧត្តរមានជ័យនោះឡើយ ។
មតិមហាជន លើកឡើងថា ការហាមឃាត់ យ៉ាងដូច្នេះ គឺជាការធ្វើបាបប្រជាកសិករខ្លួនឯង និងបង្កឱកាសឱ្យឈ្មួញខ្មែរទិញកសិផលបានថោក ដើម្បីទទួលបានកម្រៃច្រើនលើសលប់ក្នុងការនាំចេញទៅលក់នៅបរទេស ។ ប្រជាកសិករ នៅខេត្តឧត្តរមានជ័យ ចាប់ផ្ដើមប្រមូលផលស្រូវ និងដំឡូងមី ជាបន្តបន្ទាប់ តែងតែសូមអំពាវនាវឲ្យអាជ្ញាធរខេត្តជ្រោមជ្រែងធ្វើ យ៉ាងណាដើម្បីឲ្យស្រូវវស្សា និងដំឡូងមី ដែលផលិតបាន អាចលក់ បានតម្លៃសមរម្យ ដើម្បីបានប្រាក់ជួយដោះស្រាយជីវភាពគ្រួសារ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ កសិករ ក្នុងខេត្តឧត្តរមានជ័យ បានរិះគន់ចំៗ ចំពោះការបង្ហោះព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដែលបញ្ឈប់ និងមិនអនុញ្ញាតឲ្យរថយន្តរបស់ឈ្មួញថៃ ចូលមកដឹកកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ។
ការហាមឃាត់រថយន្ដរបស់ឈ្មួញថៃ មន្ទីរសាធារណការខេត្តឧត្តរមានជ័យ សំអាងថា ការចូលយ៉ាងដូច្នេះ វាបណ្តាលឲ្យខូចខាតផ្លូវជាតិ ហើយក៏បង្ករឲ្យមានបញ្ហាគ្រោះចរាចរណ៍កើតមានឡើង ជាយថាហេតុផ្សេងៗផងដែរនៅតាមដងផ្លូវ ។ បញ្ហាទាំងនេះ ប្រជាពលរដ្ឋ រិះគន់ចំៗថា វាមិនមានអ្វីដែលជាហេតុបង្ករឲ្យមានការពាក់ព័ន្ធទៅ និងការចូលមកដឹកកសិផលរបស់ពួកគាត់នោះឡើយ ចំពោះបញ្ហានេះ ព្រោះគ្រប់ការចេញចូលរបស់រថយន្តឈ្មួញថៃ ទាំងអស់ សុទ្ធតែមានការបង់ពន្ធជូនរដ្ឋស្របច្បាប់ គ្រប់ក្បាលឡាន នៅតាមច្រកព្រំដែន ទើបអាចចូលមកធ្វើអាជីវកម្មបាន ហើយមន្ទីរសាធារណការខេត្ត ផ្តោតសំខាន់ លើកការដឹកលើស ទម្ងន់ និងធ្វើការផាកវិន័យចំពោះរថយន្តណា ដែលផ្ទុកលើសទម្ងន់វិញនោះ ទើបជាការត្រឹមត្រូវ ។
ពាក់ព័ន្ធព័ត៌មាននេះ លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សេចក្តីជូនដំណឹងនេះ គឺខាងមន្ទីរមិនទាន់បានបិទការចេញចូលរបស់រថយន្តថៃនោះទេ គ្រាន់តែជាជូនដំណឹងឲ្យបានដឹង ហើយខាងមន្ទីរ និងសំណូមពរឲ្យរថយន្តថៃទាំងអស់ ដែលមកចូលមកធ្វើអាជីវកម្ម ដឹកកសិផល នៅខេត្តឧត្តរមានជ័យ ត្រូវចូលមកបំពេញលក្ខខ័ណ្ឌ ច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន ទើបមានការអនុញ្ញាត ចូលមកដឹកកសិផល បានដូចធម្មតាវិញ ។
សូមបញ្ជាក់ថា សេចក្ដីជូនដំណឹងនេះ ខាងអាជ្ញាធរខេត្តឧត្តរមានជ័យ ពុំបានដឹងពីបញ្ហានេះឡើយ ហើយក៏មិនតម្រូវឲ្យខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើរឿងយ៉ាងដូច្នេះដែរ និយាយរួមគឺខាងមន្ទីរចេញសេចក្តីជូនដំណឹងដោយចិត្តឯងមិនបានឆ្លងពីអាជ្ញាធរខេត្តនោះឡើយ ។ គួររម្លឹកថា ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនគ្នាជាមួយ និងខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ និងខេត្ត ស៊ីសាកេត របស់ប្រទេសថៃ គឺពឹងផ្អែកលើទីផ្សារនាំចេញកសិផល ទៅកាន់ប្រទេសថៃ ៕ ប៉ែន នួន