ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលទើបតែមកកាន់ដំណែងបានអះអាងថា លោកបានទទួលពាក្យបណ្តឹងដោយផ្ទាល់មាត់របស់ប្រជាពលរដ្ឋមកពី ភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កថាមានការដ្ឋានបូមខ្សាច់ច្រើនកន្លែងធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំងទៅលើការប្រើប្រាស់ទឹក ។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា បានរកឃើញការដ្ឋានបូមខ្សាច់ក្នុងស្រុកបន្ទាយស្រី ចំនួន៥ទីតាំង ផ្សេងគ្នា ក្នុងនោះមានទីតាំងបូមខ្សាច់២កន្លែងបានរំលោភធ្ងន់ធ្ងរដោយបិទមុខស្ទឹងទាំងស្រុង ហើយបូមយកខ្សាច់រួចចាក់បង្ហូរទឹកភក់កករចូលទៅក្នុងស្ទឹងវិញធ្វើឲ្យទឹកស្ទះហូរចេញចូលមិនរួច ។
លោកបានបញ្ជាក់ថា ទី១ មានការចាក់លុបធ្វើផ្លូវឆ្លងស្ទឹងដោយខុសច្បាប់ដោយមិនដាក់លូតាមស្តង់ដាបច្ចេកទេស ធ្វើឲ្យមុខទឹករួមតូច ។ ទី២ លក្ខខណ្ឌអនុញ្ញាត និងការអនុវត្តផ្ទាល់ភាគច្រើនខុសប្លែកគ្នាទៅតាមទីតាំងការដ្ឋានត្រូវបានគេរំកិលពីនៅក្បែរស្ទឹង មកនៅជាប់មាត់ស្ទឹង ឬនៅពីលើស្ទឹង និងមាន១កន្លែងប្រតិបត្តិការដោយមិនមានអាជ្ញាប័ណ្ណ ក្រោមលេសជួយស្តារស្ទឹងអស់ពេលជាង២ឆ្នាំមកហើយ គ្មានមន្រ្ដីណាចុះពិនិត្យឡើយ ។ ទី៣ ទឹកនៅក្នុងកំណាត់ស្ទឹងតាស៊ូ រាប់សិបគីឡូម៉ែត្រហូរឆ្លងកាត់៣ឃុំ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៖ ទឹកឡើងល្អក់(ខ្ទុះ)មិនអាចប្រើប្រាស់បាន ត្រីមិនអាចរស់នៅបាន គោ ក្របី មិនអាចផឹកទឹកបាន ហើយទិន្នផលស្រូវធ្លាក់ចុះក្រោម១តោនក្នុង១ហិកតា ។
ក្រោយពីលោកបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីផលប៉ះពាល់នៃអាជីវកម្មបូមខ្សាច់ ទៅលើការប្រើប្រាស់ទឹករបស់បងប្អូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារនៅតាមឃុំចំនួន៣ ដោយមានការចូលរួម និងនាំបង្ហាញពីតំណាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ថា បញ្ហានេះរដ្ឋបាលស្រុកនឹងបន្តធ្វើការជាមួយមន្ទីររ៉ែ និងថាមពល ចុះពិនិត្យការដ្ឋានសេសសល់ផ្សេងៗទៀត មុននឹងឈានទៅដល់ចំណាត់ការខាងផ្លូវច្បាប់ក្នុងពេលឆាប់ៗ ក៏ដូចជាជំរុញឲ្យមានការពិចារណាទៅលើសុពលភាពអាជ្ញាប័ណ្ណបូមខ្សាច់ទូទាំងស្រុកឡើងវិញ ។
ទោះយ៉ាងណាអភិបាលស្រុកបន្ទាយស្រីមិនបានបង្ហាញឈ្មោះអាជីវកម្ម បូមខ្សាច់ទាំងនោះទេ ។ សូមបញ្ជាក់ផងដែរថា ទីតាំងបូមខ្សាច់ នៅស្រុកបន្ទាយស្រីជាច្រើនបានកើតមានតាំងពីជំនាន់អភិបាលស្រុកមុនៗមកម្ល៉េះមិនត្រូវបានទប់ស្កាត់ និងបង្រ្កាបឡើយជាពិសេស មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប បានរក្សាភាពស្ងប់ស្ងាត់ បណ្ដែតបណ្ដោយឲ្យមានការដ្ឋានបូមខ្សាច់បានយ៉ាងគគ្រឹកគគ្រេងបែបនេះ ។
ពាក់ព័ន្ធ និងការរដ្ឋានបូមខ្សាច់ខាងលើនេះ លោក មាស ជូរ៉ាមី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅពេលដែលអ្នកសារព័ត៌មានសួរថាតើការរដ្ឋានបូមខ្សាច់នៅស្រុកបន្ទាយស្រីសុទ្ធការដ្ឋានល្មើសច្បាប់ឬហួសសុពលភាព និងខុសបច្ចេកទេសតើកើតមានយូរហើយឬទើបតែ និងកើតមាន? ស្រាប់តែលោកឆ្លើយយ៉ាងខ្លីងាយស្ដាប់បានថា លោកអត់ដឹងទេ ចាំឲ្យមន្រ្ដីលោកចុះទៅមើលឬ ចាំលោកចុះទៅមើលជាមួយអភិស្រុកដើម្បីវាយតំលៃតើខុសបច្ចេកទេសឬយ៉ាងណា? ! ការឆ្លើយយ៉ាងស្រួលបែបនេះត្រូវអ្នកសារព័ត៌មានតែងចំណាំថា រាល់ដងគាត់ឆ្លើយបែបនេះក្លាយជាទំលាប់ទៅហើយគាត់មិនដែលបានដឹងមុននោះទេ ការឆ្លើយស្រួលបែបនេះ ក្នុងនាមជាប្រធានមន្ទីរហាក់ដូចជាមិនអាចគ្រប់គ្រងការងាររបស់ខ្លួនបានឡើយគឺពឹងលើមន្រ្ដីក្រោមឪវ៉ាទចុះទៅមើលតែប៉ុណ្ណោះ មិនខុសពីសម្ដេច តេជោ មានប្រសាសន៍ថា មន្រ្ដីជើង១០ អង្គុយចាំយកតែទទួលយករបាយការណ៍ កុហកភូតភរ របស់មន្រ្ដីខ្លួនមិនដែលចុះទៅមើលនោះឡើយ បើដូច្នោះមែនមិនគួរណារដ្នាភិបាលចំណាយលុយខ្ចោះខ្ចាយទៅលើមន្រ្ដីអសមត្ថភាពបែបនេះទេ ៕ ប៊ុនរិទ្ធី