ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ចៅ យុត្តិបុត្រ នាយកទីចាត់ការផែនការ អគ្គបញ្ជាការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា នៃអតីតអង្គភាព១២៥ ស្ថិតនៅឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម។
សូមរម្លឹកថា ទីតាំងប្រវត្តិសាស្ត្រនេះ គឺជាកន្លែងបញ្ចុះសពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥(កម្ពុជា) ចំនួន៤៩នាក់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយអង្គភាព១២៥ គឺជាឈ្មោះអង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ឆ្នាំ១៩៧៨ ជាចំណុចចាប់ផ្តើមដំបូងគេបង្អស់ នៃចលនាតស៊ូរបស់កម្ពុជាចេញពីប្រទេសវៀតណាម ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨។
រហូតមកដល់បច្ចុប្បន្ននេះ កងកម្លាំងប្រដាប់អាវុធនៃភូមិភាគទី៧ (វៀតណាម) រួមជាមួយអាជ្ញាធរ និងប្រជាជននៅមូលដ្ឋានឡុងយ៉ាវ បន្តរក្សាស្ថាបនា ធ្វើឲ្យតំបន់កេរដំណែលនេះប្រកបដោយ សោភ័ណភាព សក្តិសមទៅជាតំបន់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិរបស់ប្រទេសវៀតណាម ហើយក៏ជានិមិត្តរូបមួយអំពីស្មារតីជួយគ្នាទៅវិញទៅមក នៃចំណងសាមគ្គីនាពេលប្រយុទ្ធ រួមសុខរួមទុក្ខជាមួយគ្នា ដែលនោះគឺជាប្រពៃណីស្អាតស្អំរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕ សសម