ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់សញ្ជាតិនៅឥណ្ឌាកំពុងបង្កឲ្យមានភាពចលាចលអំពើហិង្សាកើតឡើង

ចែករំលែក៖

បាតុកម្មនៅប្រទេសឥណ្ឌាបានផ្ទុះឡើងតាំងពីថ្ងៃទី​១៤ ខែធ្នូ ប្រឆាំង នឹងច្បាប់ សញ្ជាតិ ថ្មីក្លាយទៅជាហិង្សា បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ និងរាប់រយនាក់ រងរបួស ។ ក្រៅពីនេះនៅមានអ្នកបាតុករជាច្រើនត្រូវបានចាប់ខ្លួន ។ ច្បាប់សញ្ជាតិថ្មីអាចបង្កឲ្យក្រុមជនជាតិអ៊ីស្លាមនៅឥណ្ឌារាប់លាននាក់ត្រូវបាត់សញ្ជាតិ ។

ទាំងនោះហើយបានជាក្រុមជនជាតិអ៊ីស្លាមនៅឥណ្ឌានាំគ្នាធ្វើបាតុកម្ម​ ។ នៅពេលនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌីថា ច្បាប់សញ្ជាតិថ្មីមិនមែនសំដៅប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាមទេ ។ កាលពីថ្ងៃទី ទី២២ ធ្នូ នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​ព្យាយាម​រំងាប់​ភាព​តានតឹង​ដោយ​ធានា​ថា ច្បាប់សញ្ជាតិ​ថ្មី​ដែល​សភា​បាន​អនុម័ត​កាល​ពី​ថ្ងៃទី១១ ធ្នូ​គ្មាន​ការ​រើសអើង​សាសនា ហើយ​ក៏​មិនមែន​សំដៅ​ប្រឆាំង​នឹង​អ្នក​កាន់​សាសនាអ៊ីស្លាម​ដែរ ។

តាម​លោក​ម៉ូឌី ពលរដ្ឋ​អ្នក​កាន់​សាសនាអ៊ីស្លាម​ដែល​កើត​ក្នុង​ទឹកដី​ឥណ្ឌា​មិន​ត្រូវ​បារម្ភ​ពី​ច្បាប់សញ្ជាតិ​ថ្មី​នោះ​ទេ ។ ការ​ថ្លែង​របស់​លោក​ម៉ូឌី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បាតុកម្ម​យ៉ាង​ហិង្សា​ប្រឆាំង​នឹង​ច្បាប់​មួយ​នេះ​តាំង​ពី ១០ថ្ងៃ​មក​ហើយ ។ បាតុកម្ម​ដែល​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី២២ ធ្នូ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥នាក់ ។

​លោក​ណារិនដ្រា ម៉ូឌី​ នៅ​ចំពោះ​មុខ​ក្រុម​សកម្មជន​នៃ​គណបក្ស​ជាតិនិយមហិណ្ឌូ​បានលើកឡើងថា« ខ្ញុំ​ចង់​ធានា​ចំពោះ​មុខ​ពលរដ្ឋ​អ្នក​កាន់​សាសនាអ៊ីស្លាម​ទាំង​អស់​នៅ​ឥណ្ឌា​ថា ច្បាប់សញ្ជាតិថ្មី​គ្មាន​អ្វី​ផ្លាស់ប្តូរ​សម្រាប់​ពួក​គេ​ទេ ហើយ​រដ្ឋាភិបាល​នឹង​ព្យាយាម​អនុវត្ត​កំណែទម្រង់​របស់​ខ្លួន​ដោយ​គ្មាន​ការ​រើសអើង​សាសនា » នេះ ។ លោក​ម៉ូឌី​បាន​បញ្ជាក់​បន្ថែម​ច្បាស់ៗ​ថា អ្នក​កាន់​សាសនាអ៊ីស្លាម​គ្រប់​រូប​ដែល​ចាប់​កំណើត​លើ​ទឹកដី​ឥណ្ឌា​មិន​ត្រូវ​ព្រួយបារម្ភ​នឹង​ច្បាប់សញ្ជាតិ​ថ្មី​ទេ ។ ការ​ចេញ​មុខ​ធានា​របស់​លោក​ម៉ូឌី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​មួយ​នេះ​ពី​សំណាក់​ពលរដ្ឋ​ឥណ្ឌា​ភាគ​ច្រើន ពិសេស​អ្នក​កាន់​សាសនាអ៊ីស្លាម ។

គួរ​រម្លឹក​ថា ច្បាប់សញ្ជាតិថ្មី​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃទី១១ ធ្នូ និង​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ក្បួនបាតុកម្ម​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥នាក់ និង​មាន​ជាង ១ ៥០០នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ។ បាតុកម្ម​ជា​ទូទៅ​ច្រើន​ជា​បាតុកម្ម​អហិង្សា តែ​ពេល​ខ្លះ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស​រហូត​មាន​ការ​គប់​ដុំ​ថ្ម និង​ដុត​ឡាន ។ Uttar Pradesh ស្ថិតប៉ែក​ខាងជើង​ប្រទេស​ជា​រដ្ឋ​ដែល​មាន​ភាពពុះកញ្រ្ជោល​ខ្លាំង​ជាង​គេ ។ រដ្ឋ​នេះ​មាន​មនុស្ស​រស់នៅ​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ២០០លាននាក់ ក្នុង​នោះ​មាន ២០% ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ។ នៅ​ឥណ្ឌា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១ ៣០០លាននាក់ មាន​អ្នកកាន់សាសនាអ៊ីស្លាម​ប្រមាណ​ជា ២០០លាននាក់ ។

រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ច្បាប់សញ្ជាតិថ្មី​ជា​រឿង​ចាំ​បាច់​ដើម្បី​ជួយ​សម្រួល​ដល់ការ​ផ្តល់​សញ្ជាតិ​ឥណ្ឌា​ឲ្យ​ជនជាតិ​ភាគតិច​មិនមែន​អ៊ីស្លាម​ដែល​បាន​ភៀសខ្លួន​មក​ពី​ប្រទេស​អាហ្វហ្កានីស្ថាន បង់ក្លាដែស ឬ​ប៉ាគីស្ថាន​នៅ​មុន​ឆ្នាំ ២០១៥ ។ តែ​ពលរដ្ឋ​ឥណ្ឌា​ភាគ​ច្រើន​យល់​ឃើញ​ថា ច្បាប់សញ្ជាតិថ្មី​មួយ​នេះ​មាន​ការ​រើសអើង​ចំពោះ​អ្នក​កាន់​សាសនាអ៊ីស្លាម ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អន្តរាគមន៍​របស់​លោក​ម៉ូឌី​ពេល​នេះ​អាច​រំងាប់​ភាព​បះបោរ ឬ​អត់​ទេ ។ អ្វី​ដែល​គេ​ដឹង វិបត្តិសង្គម​មួយ​នេះ​បាន​ផ្ទុះ​ឡើង ខណៈ​ដែល​ឥណ្ឌា​កំពុង​មាន​កំណើន​អ្នក​អត់​ការងារ​ធ្វើ និង​មាន​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត គិត​តាំង​ពី ៦ឆ្នាំ​កន្លង​មក ។

កន្លងមក ដំណើរការ​ជំរឿន​ប្រកប​ដោយ​ភាព​ចម្រូចសម្រាស​ខ្លាំង​ទើប​បាន​បិទបញ្ចប់​នៅ​ក្នុង​រដ្ឋ​អាសាម​ស្ថិត​ភាគឦសាន​ប្រទេស ។ កម្មវត្ថុ​នៃ​ការ​ធ្វើ​ជំរឿន​នេះ គឺ​ស្វែង​រក​អត្តសញ្ញាណ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស និង​ដែល​បន្ទាប់​មក ​ពួក​គេ​បាន​ទទួល​សញ្ជាតិ​ឥណ្ឌា ។ ស្ថាប័ន​ទទួល​បន្ទុក​ធ្វើ​ជំរឿន​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាសព័ត៌មាន​ផ្លូវការ​មួយ​បាន​បញ្ជាក់​ថា មាន​មនុស្ស​ជិត ២លាននាក់​អាច​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ឥណ្ឌា ហើយ​ពួក​គេ​មាន​សិទ្ធិ​តវ៉ា​នៅ​តុលាការ​ដើម្បី​អាច​រក្សា​សញ្ជាតិ​ឥណ្ឌា​របស់​ពួក​គេ​បាន ។

សេចក្តីប្រកាសព័ត៌មាន​ផ្លូវការ​ផ្សព្វផ្សាយ​ ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន ៣១ ១០០ ០០០នាក់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីជាតិ​ពលរដ្ឋ និង​មាន ១ ៩០០ ០០០នាក់​ផ្សេង​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​មិន​មាន​នៅ​ក្នុង​បញ្ជីជាតិ​នោះ​ទេ ។ គឺ​មនុស្ស​ទាំង ១ ៩០០ ០០០នាក់​នេះ​ហើយ​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ឥណ្ឌា ព្រោះ​ពួក​គេ​មិន​អាច​បង្ហាញ​ភស្តុតាង​ដែល​បញ្ជាក់​ថា គ្រួសារ​របស់​ពួក​គេ​ជា​ជនជាតិ​ឥណ្ឌា​នៅ​មុន​ខែ​មេសា ឆ្នាំ ១៩៧១ ។ ជម្រើស​យក​ឆ្នាំ ១៩៧១ ជា​លក្ខខណ្ឌ​សម្រាប់​រដ្ឋអំណាច​ក្នុង​រដ្ឋ​អាសាម​មិន​មែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​ជា​ឆ្នាំ​ដែល​មាន​ជនភៀសខ្លួន​មក​ពី​ប្រទេស​បង់ក្លាដែស​ក្បែរខាង​រត់​ទៅ​រស់នៅ​ក្នុង​រដ្ឋ​អាសាម ។

រដ្ឋអំណាច​ក្នុង​រដ្ឋ​អាសាម​បាន​បញ្ជាក់​ថា មាន​ជនជាតិ​បង់ក្លាដែស​ប្រមាណ​ជា ២ ០០០ ០០០នាក់​បាន​ទទួល​សញ្ជាតិ​ឥណ្ឌា​ដោយ​ខុស​ច្បាប់ ។ នេះ​ហើយ​ជា​ហេតុផល​ដែល​បាន​ជំរុញ និង​លើក​ទឹកចិត្ត​រដ្ឋអំណាច​ឲ្យ​ធ្វើ​ជំរឿន​ដើម្បី​ចង់​ដឹង​ថា តើ​ពលរដ្ឋ​រូប​ណា​ជា​ជនជាតិ​ឥណ្ឌា​ដែល​មាន​គ្រួសារ​ជា​ជនជាតិ​ឥណ្ឌាពិតប្រាកដ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កុំ​ថា​ឡើយ​ជនជាតិ​ឥណ្ឌា​មាន​ដើមកំណើត​បង់ក្លាដែស ឬ​ដើមកំណើត​ផ្សេង សូម្បី​តែ​ជនជាតិ​ឥណ្ឌា​ពី​កំណើត​ក៏​ពិបាក​រក​ភស្តុតាង​ទៅ​បង្ហាញ​សញ្ជាតិ​របស់​ខ្លួន​ដែរ​នៅ​ជិត ៥០ឆ្នាំ​ក្រោយ​មក ។ គ្រួសារ​អ្នកកាន់សាសនាអ៊ីស្លាម​ជា​ជន​រងគ្រោះ​មុន​គេ​នៅ​ក្នុង​យុទ្ធនាការ​ជំរឿន​ពេល​នេះ ហើយ​អ្នក​ត្រេកត្រអាល គឺ​ក្រុម​អ្នកជាតិនិយម​ហិណ្ឌូ​ដែល​កំពុង​កាន់អំណាច៕


ចែករំលែក៖