ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមកពីភ្នំពេញលួចនៅខេត្តរតនគីរី ត្រូវសមត្ថកិច្ចតាមចាប់បានភ្លាម

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យជាក្រុមចោរប្រុសស្រីចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីបានធ្វើសកម្មភាពលួចបានដម្រេចតែរត់គេចខ្លួនមិនទាន់ផុត ។

ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅពេលដែលបន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចលុយក្នុងកាបូបជនរងគ្រោះភ្លាមៗនៅវេលាម៉ោង៨.៥៥នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី ហើយក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមរកឃាត់ខ្លួនបានទាំង០៣នាក់នៅចំណុចបឹងយក្ខឡោម ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី។

តាមប្រភពបានឱ្យដឹងថា ក្រុមជនសង្ស័យមកពីភ្នំពេញចូលមកដល់ខេត្តរតនគិរីក៏ធ្វើសកម្មភាពលួចតែម្តង។

ប្រភពបន្តថា បន្ទាប់ពីពួកគេបានបន្លំធ្វើសកម្មភាពលួចបានសម្រេចហើយ មិនទាន់បានរត់គេចទៅណាឆ្ងាយទេ គឺនាំគ្នាចូលទៅលំហែកាយនៅបឹងយក្យឡោមក៏ត្រូវសមត្ថកិច្ចតាមចាប់បានភ្លាមៗតែម្តង ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះមានទី ១-ឈ្មោះឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទី ២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបងប្អូនបង្កើតនិងគ្នា រស់នៅភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខណ្ឌ័មានជ័យរាជធានីភ្នុំពេញ និងទី៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ39ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពួកគេទាំង៣នាក់ បានចូលមកបន្លំលួចយកកាបូបលុយ ខណៈពេលជនរងគ្រោះឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ លក់ខោអាវជជុះនៅផ្សារបរកែវខេត្តរតនគិរី ក្នុងនោះជនសង្ស័យទាំង៣ នាក់ ចូលបន្លំលូកលុយអស់ចំនួន១០៧០$ ដែលគាត់បានដាក់ក្នុងកាបូបនោះ ។

ក្រោយកើតហេតុជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ច ភ្លាមៗហើយកម្លាំងក៏បានចុះស្រាវជ្រាវ និងតាមចាប់ជនសង្ស័យបានទាំងបីនាក់ និងបានឆែកឆេររកឃើញលុយដុល្លាចំនួន ១០៧០$ ដែលជារបស់ជនរងគ្រោះបានបាត់នោះវិញដែរ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តការតាមនីតិវិធី ៕ ជីវ័ន្ត


ចែករំលែក៖