ភ្នំពេញ៖ ស្ត្រី២នាក់ ដែលជាបុគ្គលិកបម្រើការក្នុងបារបារាំងយីហោ black and white នៅម្តុំផ្សារចាស់ បានឈ្លោះប្រកែកគ្នា រហូតបង្កជាហិ្សវាយតប់គ្នា បណ្ដាលឲ្យរងរបួសស្នាមទាំងសងខាង ព្រោះតែរឿងចោទប្រកាន់ថាស្រ្តីរងគ្រោះយកប្តីថៅកែទៅដេក ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១១០ ត្រង់ចំណុចហាងបារបារាំង black and white ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ស្រ្តីដៃដល់ឈ្មោះ សាយ ផល្លា អាយុ៣១ឆ្នាំ ស្នាក់នៅទីតាំងហាងកើតហេតុខាងលើ ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ សុខ រស់ ភេទស្រី អាយុ២៨ ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះឈ្មោះ សុខ រស់ បានមកធ្វើការនៅហាងបារាំងខាងលើនេះ អស់រយៈពេលជិត៣ខែមកហើយ ដោយអ្នកនៅកន្លែងធ្វើការក្នុងហាងបារបារាំងនោះ បានចោទប្រកាន់គាត់ថា យកប្តីថៅកែទៅដេក ប៉ុន្តែគាត់បានបដិសេដ្ឋថាមិនបានធ្វើដូចការចោទនោះទេ ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែមានស្ត្រីដៃដល់មានឈ្មោះ សាយ ផល្លា បានវាយទៅលើខ្លួនគាត់ បណ្តាលឲ្យរបួសស្នាមពេញខ្លួន ហើយជនរងគ្រោះក៏បានវាយតដៃវិញ ដើម្បីការពារខ្លួនទើបមានរបួសស្នាមទាំងសងខាង និងបង្កឲ្យភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ ចុះមកទីតាំងហើតហេតុ រួចបាននាំខ្លួនស្រ្តីទាំង២នាក់នោះយកទៅសួរនាំតែម្តង ។
បន្ទាប់ពីឃាត់ខ្លួនសាកសួរ ស្រ្តីដៃដល់ឈ្មោះ សាយ ផល្លា បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានវាយទៅលើស្រ្តីរងគ្រោះឈ្មោះ សុខ រស់ ប្រាកដមែនដោយសារតែនាងនិយាយសម្ដីដីរៀងឡូយ ហើយប្រាប់អត់ស្តាប់ទើបបង្កជាហិង្សាតែម្តងទៅ ។
ក្រោយកើតហេតុដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីបង្កឈ្មោះ សាយ ផល្លា បានសុំសមត្ថកិច្ចជួយសម្របសម្រួល និងសុំទោសស្រ្តីរងគ្រោះ ដោយថ្លៃថ្នាំពេទ្យឲ្យភាគីរងគ្រោះចំនួន២០$ ដើម្បីបញ្ចប់រឿង និងធ្វើកិច្ចសន្យាមិនឲ្យឈ្លោះគ្នាទៀតឡើយ ៕ ស រស្មី