ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តជប់ លើផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរថយន្តដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនកសិផល មិនផ្ទុកលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ម្ចាស់រថយន្តទាំងនោះត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តជប់នោះដែរ។ ផ្ទុយទៅវិញរថយន្តធំៗផ្ទុកលើសទម្ងន់មិនចាំបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមការបង្ហើបពីសំណាក់មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការដែលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ផ្លូវជាតិលេខ៧ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពពីម្ចាស់រថយន្តដឹកអុសកៅស៊ូឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ បានឲ្យដឹងថា ទោះបីរថយន្តដឹកអុសផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ក្នុង១ជើង៧ម៉ឺនរៀលដែរ ដោយមិនអាចតវ៉ាបានឡើយ។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលផ្សេងៗ និងដឹកជញ្ជូនអុសឆ្លងកាត់មុខស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ជាច្រើនរយគ្រឿងដូច្នេះក្រុមមន្ត្រីប្រចាំស្ថានីយនោះ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ថ្មីៗនេះមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខ្លះផង។ ដោយហេតុថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ទើបប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ព្រមទាំងបក្ខពួកហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវនោះ មិនគួរមើលរំលងអំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ នោះឡើយ។ ក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារអំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្ត ធ្វើឲ្យពួកគាត់សល់កម្រៃតិចតួចបំផុតដើម្បីទិញអង្ករច្រកឆ្នាំង៕