ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ និងមានគ្នា៣នាក់ទៀត រួមដំណើរជាមួយបើករថយន្តទាំងស្ថានភាពស្រវឹងជ្រុលបុកម៉ូតូមួយគ្រឿង នៅទឹកដីខណ្ឌដូនពេញ ហើយមិនបានឈប់ទទួលខុសត្រូវព្យាយាមបើករត់រហូតមកដល់ស្តុបផ្សារដេប៉ូផ្លូវលេខ១៨២ កែងផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកក៏ បន្តបុកម៉ូតូមួយគ្រឿងទៀតអូសជាច្រើនម៉ែត្រតែត្រូវប្រជាពលរដ្ឋដេញឃាត់បាន និងទប់កំហឹងមិនបានវាយបណ្តាលឲ្យខ្ទេចរថយន្ត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើម៉ាកម៉ាស្តា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AT 8318 បើកបរដោយបុរសជនជាតិចិនម្នាក់ និង៣នាក់ទៀតរួមដំណើរជាមួយបានបើកបុកម៉ូតូមួយគ្រឿងនៅស្តុបផ្សារថ្មី ក្នុងទឹកដីខណ្ឌដូនពេញភ្លាមនោះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករត់ហើយត្រូវបានប្រជាពលរដ្ឋដេញតាមរហូតមកដល់ផ្លូវលេខ២១៥ ក៏បន្តគេចខ្លួនក្នុងទិសដៅពីជើងទៅត្បូង ។
ប្រភពព័ត៌មានបន្តថា លុះមកដល់ស្តុបផ្សារដេប៉ូក៏បួងចង្កូតបត់ស្តាំទៅលិចតាមបណ្តោយផ្លូវលេខ១៨២ ទើបជ្រុលបុកម៉ូតូម៉ាកនិច ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1CR 7381 បើកបរដោយយុវជនម្នាក់ដែលកំពុងឈប់ស្តុបក្នុងទិសដៅពីលិចទៅកើត តែជនរងគ្រោះលោតចេញពីម៉ូតូទាន់ទើបរថយន្តអូសម៉ូតូជាប់ខាងក្រោមបានចម្ងាយប្រហែល១៥០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋចាប់ជាប់ និងទប់កំហឹងមិនបានវាយបណ្តាលឲ្យរថយន្តបែកកញ្ចក់ខាងឆ្វេងចំណែកតៃកុងរថយន្តបែកមុខមាត់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំម្ចាស់រថយន្តទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១ រង់ចាំប្រគល់ឲ្យជំនាញចារាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ