ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត ខ្វះការប្រុងប្រយ័ត្នបុករះ រថយន្តស៊េរីទំនើប៣គ្រឿង ពេលកំពុងឈប់ស្តុប

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករះរថយន្តចំនួន៣គ្រឿង បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថី ព្រះមុន្នីវង្សកែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរី ទំនើបចំនួន៣គ្រឿង រថយន្តទី១ ម៉ាកRolls Royce ghost តម្លៃរាប់មុឺនដុល្លារដែលពាក់ស្លាកលេខ ភ្នំពេញ 2BC-1119 ចំណែកឯរថយន្តទី២ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-4666 និងរថយន្តទី៣ ម៉ាកលុចសុីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1699 រថយន្តទាំង៣គ្រឿងធ្វើដំណើតាមបណ្តោយមហាវិថី ព្រះមុន្នីវង្សទិសដៅពីជើងទៅត្បួងស្រប់ទិស គ្នាពេលមកដល់កន្លែងកើតហេតុរថយន្តទាំង៣គ្រឿងក៏បានឈប់ស្តុប ហើយខណៈពេលកំពុងឈប់ស្រាប់តែមានបុរសម្នាក់បើករថយន្ត ម៉ាក TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0283 ធ្វើដំណើតាមបណ្តោយ មហាវិថី ព្រះមុន្នីវង្សទិសដៅពីជើងទៅត្បួងដូចគ្នា ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករៈពីក្រោយរថយន្តទាំង៣គ្រឿងដោយរថយន្តនីមួយៗរងការខូចខាតមួយចំហៀង ចំណែកឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា បានចុះមកដល់ចំណុចកើតហេតុ ទាក់ទងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តទាំង៤គ្រឿងទៅរក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននរគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖