កន្លងមកប្រទេសជាច្រើនបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ដោយខ្លាចសង្គ្រាមកើតឡើងត្រូវជាប់គាំងនៅទីនោះ ។
នៅពេលនេះអាជ្ញាធរថៃ កំពុងតែត្រៀមរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ប្រសិនបើសង្រ្គាម រវាងអាមេរិក និងអ៊ីរ៉ង់ ផ្ទុះឡើង ក្រោយពេលកងទ័ពអាមេរិក បានវាយប្រហារតាមអាកាស សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ។
លោក ប្រាយុទ្ធ ចាន់អូចា (Pryut Chan-o-cha) បានថ្លែង កាលពីថ្ងៃទី៦ ខែមករា ថា រហូតមកដល់ទល់ពេលនេះ ស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹងខ្លាំងឡើងបន្ថែមទៀត ក្រោយពេលអាមេរិក សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ ។ អាជ្ញាធរថៃ បានរៀបចំរួចរាល់ហើយ សម្រាប់ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើការងារ នៅក្នុងប្រទេសថៃ និងអ៊ីរ៉ង់ ។ អ្វីៗ គឺរង់ចាំតែបញ្ជាពីនាយករដ្ឋមន្រ្ដីតែប៉ុណ្ណោះ ។ ពលរដ្ឋថៃទាំងអស់ នៅក្នុងប្រទេសទាំង២ខាងលើនេះ ត្រូវតែមានសុវត្ថិភាព ។
លោក Chatu Mongol Sonakul រដ្ឋមន្រ្ដីក្រសួងការងារថៃ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋថៃ ចំនួន២៥៧នាក់ កំពុងបម្រើការងារ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយ២៥នាក់ផ្សេងទៀត ធ្វើការ នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ ប្រជាពលរដ្ឋថៃទាំងនោះ កំពុងតែធ្វើការងារផ្នែកភោជនីយដ្ឋាន ម៉ាស្សា និងរកស៊ីផ្នែកទីផ្សារ ហើយអាជីវកម្មនេសាទ ។ រីឯមន្រ្ដីការទូតថៃ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏កំពុងតែពិនិត្យយ៉ាងចិត្ដទុកដាក់ទៅលើជនជាតិថៃ នៅទីនោះ ។ យើងកំពុងតែតាមដានស្ថានការណ៍ នៅក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋទាំងនោះ ។
លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ថា លោកកំពុងពិនិត្យមើលពីស្ថានការណ៍វិវឌ្ឍថ្មីៗ នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោយពេលកងទ័ពអាមេរិក បានវាយប្រហារតាមយន្ដហោះគ្មានមនុស្សបើកបរ ដោយសម្លាប់មេទ័ពកំពូល លោក Qassem Soleimani កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្ដរជាតិបាដាដ ប្រទេសអ៊ីរ៉ាក់៕