ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថាមានពលករខ្មែរធ្វើការកាប់ និងលើកអំពៅនៅប្រទេសថៃ ម្នាក់ត្រូវរថយន្ត សណ្ដោងកិនស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវមន្រ្តីជំនាញរបស់ថៃចុះទៅធ្វើកោសល្យវិច័យ និងបានដឹកយកសាកសពប្រគល់ឲ្យភាគីកម្ពុជានៅច្រកព្រំដែនប៉ោយប៉ែតផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់រថយន្តកិនស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឺក ថ្ងៃចន្ទ ១២ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចកើតស្ថិតនៅភូមិណងប្រាយ៉ាប្លុង សង្កាត់ប៉រ៉ៃ ស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ គ្រាដែលរថយន្តសណ្តោងកំពុងដឹកអំពៅយកទៅដាក់ក្នុងក្រុមហ៊ុន ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត(មិនស្គាល់ឈ្មោះគ្មានឯកសារនៅជាប់នឹងខ្លួន) ភេទប្រុស អាយុ ១៧ឆ្នាំ ជាពលរដ្ឋខ្មែរ មកធ្វើការលើកអំពៅដាក់រថយន្ត នៅស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ យូរខែមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុ មិនដឹងរឿងអីស្រាប់ ជនរងគ្រោះធ្លាក់ពីលើរថយន្តបន្ទាប់មកត្រូវរថយន្ដនោះកិនស្លាប់នៅកន្លែងកើតហេតុ តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានចុះត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុ រួចបញ្ជូនសាកទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ និងប្រគល់ឲ្យភាគីកម្ពុជានៅរសៀលថ្ងៃកើតហេតុនោះដែរ ៕ ប្រាថ្នា