ភ្នំពេញ៖ ក្រោយពីមានករណីគ្រោះអគ្គិភ័យកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រងការខូចខាត បន្ទាប់មកប្រជាពលរដ្ឋនាំគ្នាដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចជួយស្រាវជ្រាវ រហូតរកឃើញថា បុរសជនជាតិចិន២នាក់ ជាអ្នកបង្កឲ្យមានអគ្គិភ័យនេះកើតឡើង ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនជាតិទាំង២នាក់នោះយកមកសាកសួរបញ្ចប់នីតិវិធី លុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ ក៏បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។
លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះថា ករណីគ្រោះអគ្គិភ័យខាងលើនេះ កើតឡើងកាល ពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅចំណុចហាងកាត់សក់ជនជាតិចិនយីហោ (រចនាបថអន្តរជាតិ ) ដែលមានទីតាំងនៅក្រោយប៉ុស្តិ៍នគរបាលបឹងកេងកង២ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។
លោក អធិការបន្តថា ជនបង្កមានគ្នា២នាក់ ទី១; ឈ្មោះ ZHAO JIKUI ភេទ ប្រុស អាយុ៣២ ឆ្នាំ ជនជាតិ ចិន ( មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។ និងទី២ ឈ្មោះ HAO XINMING ភេទ ប្រុស អាយុ៤៣ ឆ្នាំ ជនជាតិ ចិន ( មិនធ្លាប់ប្រាប់គ្រឿងញៀន) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេមានផ្សែងហុយពេញផ្ទះម្ចាស់ផ្ទះជួល ឈ្មោះZHAO JI KUI អាយុ៣២ឆ្នាំជនជាតិចិន ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាប្រភេទផ្ទះសង់ពី ថ្មលាយឈេីប្រក់ស័ង្កសី ដោយបង្កជាអណ្តាតភ្លេីង ឆាបឆេះឡេីងយ៉ាងសន្ធោសន្ធៅ ខណៈដែលជនជាតិចិននោះ បានចម្អិនម្ហូបទុកចោល ខ្វះការប្រុងប្រយ័ត្ន ។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងខាងរថយន្តពន្លត់អគ្គិភ័យ នាំគ្នាជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨ គ្រឿង បាញ់ទឹកពន្លត់អស់ចំនួន៤៦ ម៉ែត្រគុប ហើយអគ្គិភ័យត្រូវបានរលត់នៅវេលាម៉ោង៤ និង៣០ នាទីរសៀល ថ្ងៃខែឆ្នាំដដែរ ។ សម្ភារខូចខាតរួមមាន៖ ទីតាំងផ្ទះ៣ល្វែង បន្ទប់ចំនួន៧បន្ទប់ និងសម្ភារមួយចំនួនទៀតដូចជា៖ ម៉ាស៊ីនត្រជាន់ចំនួន03 គ្រឿង , ទូទឹកកក 07 គ្រឿង, ទូដែក 01 ។ ម៉ាសុីនអ៊ុតសក់ 01 គ្រឿង, តុបាយចំនួន 03 កៅអីចំនួន 20 ; កង្ហារ 01 គ្រឿង, គ្រែងគេង 02 , កៅអីម៉ាស្សា01 គ្រឿង, ពូកចំនួន 03 និងសំភារៈផ្សេងៗទៀតមួយចំនួនធំទៀត ។
ក្រោយហេតុការណ៍ ម្ចាស់ផ្ទះរងគ្រោះចំនួន៣ផ្ទះ នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកងទី២ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិន២នាក់ ដែលជាម្ចាស់ផ្ទះបង្កឲ្យសងថ្លៃខូចខាតផ្ទះរបស់គាត់សរុបជាទឹកប្រាក់ជិត៥ម៉ឺនដុល្លារផងដែរ ។ ប៉ុន្តែដោយសារតែជនជាតិចិនជាអ្នកបង្ក មិនមានលទ្ធភាពសងជាសំណងទៅខាងម្ចាស់ផ្ទះ ទើបសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស រស្មី