ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នាយប់ថ្ងៃច័ន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល សហការចុះល្បាតលើផ្ទៃទឹកបឹងទេសាប ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ប្រទះឃើញមុខសញ្ញា ២នាក់កំពុងប្រើប្រាស់ជាក់ស្ដែង ដោយគ្មានកោនញញើតសមត្ថកិច្ចបន្តិចសោះ ក៏បង្រ្កាបឃាត់ខ្លួនភ្លាមៗ ។
របាយការណ៍នគរបាលស្រុកដដែលបន្តថា លុះនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កម្លាំងសហការបន្តបង្រ្កាបបានមុខសញ្ញា ២នាក់ទៀត ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច និងភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខសញ្ញាទាំងចំនួន ៤នាក់នាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក ។
ដោយឡែក៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បើយោងរបាយការណ៍នគរបាលស្រុកភ្នំក្រវាញឯនេះវិញ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលសំរោង សហការបង្រ្កាបមុខសញ្ញារក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនស្រ្តីជាមុខសញ្ញា និងម្ចាស់ផ្ទះ និងជនពាក់ព័ន្ធ ២នាក់ទៀត ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន កាំភ្លើងកែច្នៃ ដាវ ទូរស័ព្ទ និងរថយន្ត ១គ្រឿងផងដែរ ដើម្បីនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ បុឹម ពិន