ព័ត៌មានទាន់ហេតុការណ៍៖

Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃដំបូងគេបង្អស់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០នេះក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG តាមទូរស័ព្ទចល័តដំបូងបង្អស់ សម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដោយមានផ្ដល់រង្វាន់ជាថវិកាសរុបចំនួន ១២០ លានរៀលដល់ក្រុមដែលឈ្នះទាំងអស់ផងដែរ ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB តាមទូរស័ព្ទចល័តនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែមីនា ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងមានគាំទ្រដោយក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអិុនធឺណិត និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖«នៅក្រុមហ៊ុន Smart យើងតែងតែខិតខំឆ្ពោះទៅមុខ និងផ្ដល់របៀបរស់នៅបែបឌីជីថល និងការកំសាន្តដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់អតិថិជន ។ កីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃបានបង្ហាញនូវការពេញនិយម ជាពិសេសក្នុងចំណោមអតិថិជន យុវវ័យរបស់យើង ហើយទើបយើងសម្រេចចិត្តរៀបចំការប្រកួតនេះឡើង សម្រាប់អ្នករាល់គ្នាដើម្បីរីករាយនឹងកីឡាអេឡិចត្រូនិចតាមទូរស័ព្ទដៃ ដែលមានអ្នកលេងច្រើនបំផុតជាមួយក្រុមហ៊ុន Smart ហើយក៏មានការឈ្នះរង្វាន់មួយចំនួនផងដែរ»។

ក្រៅពីការឈ្នះប្រាក់រង្វាន់ សមាជិកនៃក្រុមជ័យលាភីទាំង ១០ក្រុម នឹងទទួលបានទូរស័ព្ទសេ៊រីចុងក្រោយបង្អស់ពីក្រុមហ៊ុន Realme ផងដែរ ។ ក្នុងនាមជាដៃគូរបស់ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB តាមទូរស័ព្ទចល័ត Realme នឹងជួយផ្ដល់ទូរស័ព្ទសម្រាប់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត្រ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបង្កើតក្រុមដែលមានសមាជិកចំនួនបួននាក់ហើយចុះឈ្មោះតាមរយៈ https://pubg.smart.com.kh/join ។ បេក្ខជនចូលរួមទាំងអស់ត្រូវមាន អាយុយ៉ាងតិច ១៦ ឆ្នាំ និងជាអតិថិជនជាវគម្រោង PUBG Mobile Unlimited ប្រចាំ ខែអំឡុងពេលនៃការប្រកួត ។ ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៦ ខែកុម្ភៈ៕ វឌ្ឍនា


ចែករំលែក៖