ខេត្តសៀមរាប៖ ក្រុមមន្ត្រីជំនាញនៅខេត្តសៀមរាប បានធ្វើសកម្មភាពចុះបង្ក្រាបទីតាំងជីកដីអនាធិបតេយ្យ២កន្លែង ប៉ុន្តែមិនបង្ហាញឈ្មោះក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ណាមួយនោះឡើយ ការធ្វើបែបនេះ វាហាក់ដូចជាក្លាយជាទម្លាប់ទៅហើយ តែមិនដឹងថា គេលាក់ដើម្បីអ្វី? ។
ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីររ៉ែ និងថាមពលខេត្ត រដ្ឋបាលស្រុកប្រាសាទបាគង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាវុធហត្ថ បានសហការចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ចំពោះការដ្ឋានជីកដីអនាធិបតេយ្យ ចំនួន២ទីតាំង នៅស្រុកប្រាសាទបាគង និងបានណែនាំឲ្យផ្អាកសកម្មភាព និងផាកពិន័យតាមមាត្រ៣៥ថ្មី ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ។
បើតាមប្រភពពីសមត្ថកិច្ចដែលបានចុះបង្ក្រាបបានឲ្យដឹងថា សមត្ថកិច្ចបានណែនាំឲ្យផ្អាកសកម្មភាពនេះ មានចំនួនពីរការដ្ឋាន៖ ១.ការដ្ឋានជីកបកដីស្រែ ទំហំ ៣០ម៉ែត្រX៦០ម៉ែត្រ Xជម្រៅ០,៤ម៉ែត្រ មានអេស្ការចំនួន ៣គ្រឿង ថាយល័រ ១គ្រឿង ប៊ុលដេស័រ ១គ្រឿង ឡានស្រោចទឹក ១គ្រឿង ឡានដឹកដី ១គ្រឿង។ ២.ការដ្ឋានជីកបកដីស្រែ ទំហំ ៣០ម៉ែត្រX៥០ម៉ែត្រ Xជម្រៅ០,៤ម៉ែត្រ មានអេស្ការចំនួន ១គ្រឿង ប៊ុលដេស័រ ១គ្រឿង។
សូមរម្លឹកថា ជារើយៗ គេសង្កេតឃើញមន្ត្រីជំនាញនៅខេត្តសៀមរាប ចុះបង្ក្រាបទីតាំងការដ្ឋានជីកដីការដ្ឋានបូមខ្សាច់ និងបង្ក្រាបទំនិញខុសច្បាប់នានា ប៉ុន្តែគេមិនដែលបញ្ចេញឈ្មោះក្រុមហ៊ុនអាជីវកម្មនោះទេ ។ ការមិនបង្ហាញឈ្មោះ ឬថៅកែអាជីវកម្មក្រុមហ៊ុនបែបនេះ គេនៅមិនទាន់ដឹងថា មានមូលហេតុអ្វីពិតប្រាកដនោះឡើយ ៕ ប៊ុនរិទ្ធី