ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមេការខ្មែរ និងចិន២នាក់ ក្រោយរុះរើសំណង់ខុនដូរមួយកន្លែងក្បែរកោះពេជ្រ ខុសបច្ចេកទេសធ្លាក់ដងស្ទូចដែកចំរថយន្តស្ថានទូតអាមេរិក និងមនុស្សម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ សំណង់អាគារខុនដូរមួយកន្លែងនៅក្បែរមជ្ឍមណ្ឌលកោះពេជ្រ ដែលទើបតែសាងសង់ជិតរួចហើយ ត្រូវបានក្រុមកម្មករនាំគ្នារុះរើសម្ភារគ្រឿងចក្រចេញ ដោយមិនមានបច្ចេកទេសត្រឹមត្រូវនឹងមានការធ្វេរប្រហែសផងនោះ បណ្ដាលឲ្យដែកដងស្ទូចធ្លាកចុះមកក្រោមដី ត្រូវចំអេស្កាវ៉ាទ័រមួយគ្រឿង ; រថយន្តស្ថានទូតអាមេរិកមួយគ្រឿង និងធ្វើឲ្យមនុស្សម្នាក់បានរងរបួសធ្ងន់ ។ ភ្លាមនោះអាជ្ញាធរ ខណ្ឌចំការមនបានចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយបានផ្អាកសំណង់នោះជាបណ្ដាះអាសន្ន និងឃាត់ខ្លួនមេការជនជាតិចិនម្នាក់ ជនជាតិខ្មែរម្នាក់ យកទៅអធិការដ្ឋាន ខណ្ឌចំការមនផងដែរ ។

ករណីធ្លាក់ដែកដងស្ទូចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង០នាទីព្រឹក ថ្ងៃទី៤ខែមករា ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរមួយកន្លែងនៅក្បែរមជ្ឍមណ្ឌលកោះពេជ្រ តាមបណ្ដោយផ្លូវថ្មី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមកម្មករជំនាញខាងបច្ចេកទេសដងស្ទូច បាននាំគ្នាឡើងទៅរុះរើការដ្ឋានដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួន ប៉ុន្តែខណៈដែលកំពុងតែរុះរើមិនដឹងថាខុសបច្ចេកទេសយ៉ាងមិចនោះទេ ទើបបណ្ដាលឲ្យបាក់ដែកដងស្ទូចនោះធ្លាក់មកដល់ដី ត្រូវចំអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តរបស់មន្រ្តីស្ថាតទូតអាមេរិកមួយគ្រឿងខូចខាតយ៉ាងដំណំ និងធ្វើឲ្យបុរសម្នាក់ដែលជាកម្មកររងរបួសធ្ងន់តែម្តង ។

ប្រភពដដែលបន្តថា ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាម៉ែលផងដែរ ។

ក្រោយកើតហេតុគេឃើញកម្លាំងចម្រុះគណៈបញ្ជាការឯកភាព ខណ្ឌចំការមន បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យជាក់ស្តែង រកឃើញថាការរុះរើនេះគ្មានបច្ចេកទេសត្រឹមត្រូវ ហើយបានឃាត់ខ្លួនមេការជនជាតិចិន និងខ្មែរ២នាក់ យកទៅសាកសួរបន្តនីតិវិធី ។ ដោយឡែកសំណង់អាគារខុនដូរនោះត្រូវអាជ្ញាធរ ខណ្ឌផ្អាកជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖