ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿងនាយកសាខាកាកបាទក្រហមខេត្តតាកែវលោក​ យឹម ច័ន្ធថន​ យកលុយអង្គភាព​៣ម៉ឺនដុល្លារ ​ឲ្យ​ប្រពន្ធ​រកស៊ីចងការប្រាក់

ចែករំលែក៖

ខេត្តតាកែវ ៖ មានរឿងភាពមិនប្រក្រតីមួយទើបបែកធ្លាយមកក្រៅឲ្យដឹងថា លោក​ យឹម ច័ន្ធថន​ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ​បានយក លុយរបស់សាខា​កាកបាទក្រហមខេត្ត ចំនួន៣ម៉ឺនដុល្លារ ទៅឲ្យប្រពន្ធរបស់ខ្លួនយកទៅរកស៊ីចងការប្រាក់លក្ខណៈឯកជន​ នៅក្រុងដូនកែវ ហើយរឿងនេះបានធ្វើឲ្យរងនូវការរិះយ៉ាងខ្លាំងពីមហាជន ដោយម្នាក់ៗគិតថា ប្រាក់របស់សាខាកាកបាទក្រហមខេត្តតាកែវ​ ដែលបានពីសប្បុរសជន សម្រាប់បំរើសង្គមសោះ បែរជាលោក យឹម ច័ន្ទថន យកទៅរកស៊ីចងការប្រាក់នោះឲ្យគរយកប្រាក់ចំណេញ វាជារឿងមិនត្រឹមត្រូវទាល់តែសោះ។ ប្រជាជនបានសំណួរថា ចុះបើប្រាក់ដែលយកទៅចងការឲ្យគេនោះមិនត្រូវបានអ្នកខ្ចីសងត្រឡប់មកវិញ តើលោក យឹម ច័ន្ទថន គិតយ៉ាងណា?

ប្រភពច្បាស់ការ​ពីមន្រ្តីសាលាខេត្តតាកែវ បានអោយដឹងថា លោក​ យឹម ច័ន្ធថន​ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ​ បានយក លុយរបស់សាខា​ ទៅឲ្យប្រពន្ធចងការឲ្យឯកជន​ និងពលរដ្ឋពេញក្រុងដូនកែវ។រឿងនេះបាន​ បែកធ្លាយក្រោយ មានការផ្លាស់ប្ដូរហេរញ្ញឹកថ្មី​ គឺលោក​ ហោ ប៊ុនវឌ្ឍន៍​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តតាកែវ​ បានចូលកាន់តំណែងជាហេរញ្ញឹករបស់សាខា​ ជាហេតុធ្វើ មានការសើរើបញ្ជីស្នាមហិរញវត្ថុ​ ទើបមានការបែកធ្លាយរឿងនេះតែម្ដង។

ទាក់ទងករណីខាងលើ សារព័ត៌មាននគរវត្ត មិនអាចសុំការបំភ្លឺពីលោកអភិបាលខេត្តតាកែវបានទេ។ ចំណែកលោក​ ហោ ប៊ុនវឌ្ឍន៍​ ក៏មិនអាចទាក់ទងបានដែរ ដោយលោកមិនទទួលទូរស័ព្ទ។ រីឯលោក​ យឹម ច័ន្ធថន​ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ​ បានអះអាងថា លោកពិតជាបានធ្វើរឿងនេះពិតមែន​ តែដើម្បីរកចំណូលសាខាកាកបាទក្រហមខេត្តតែប៉ុណ្ណោះមិនមែនយកដាក់ក្នុងហោប៉ៅលោកទេ ។

ជាមួយនេះដែរមហាជនដែលបានដឹងរឿងនេះ បានសម្ដែងនូវការហួសចិត្ត និងបានអំពាវសូមឲ្យលោកអភិបាលខេត្តសើររើ និងត្រួតពិនិត្យលោក​ យឹម ច័ន្ធថន​ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ​ ជាបន្ទាន់ ដើម្បីបង្ការកុំឲ្យកើតមានបញ្ហាទៅថ្ងៃមុខ ។ 

មហាជនបានលាន់មាត់ថា យកលុយមនុស្សធម៌ ទៅបង្កើតកូនយកការប្រាក់ពីអ្នកខ្វះខាត មិនខុសពីអ្នកធ្វើអំពើល្អតែមុខព្រះ តែនៅក្រោយខ្នងព្រះវិញសង្កត់កគេដកស្លាបទាំងរស់នោះទេ ៕ ប្រាថ្នា


ចែករំលែក៖