ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ខណៈនេះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង បង្រ្កាបសិប្បកម្មកែច្នៃ និងស្តុបឈើចំនួន ៤កន្លែង ដោយរិបអូសឈើជាច្រើនម៉ែត្រត្រីគុណ និងឧបករណ៍ ម៉ាស៊ីន ។ ល ។ ខណៈកងកម្លាំងទាំងនោះពុំទាន់ដកថយនៅឡើយ ហើយក៍ពុំទាន់មានរបាយការណ៍(លទ្ធផល)នោះដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងពេញមួយថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្រែពាំង និងតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
គួររំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កម្លាំងខាងលើបានបង្រ្កាបឈើមូលមួយចំនួនធំ ប្រគល់ទទួលជូនមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើ(ឈើតុំ) ។ ថ្ងៃដដែលនោះ កម្លាំងបានបង្រ្កាប និងចាប់យកវត្ថុតាងរថយន្តម៉ាក (រ៉េវបាកុង) ចំនួន ២គ្រឿងទៀត ត្រង់ចំណុចអូរសង្ក័សី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ វត្ថុតាងរថយន្តម៉ាក(រ៉េវបាកុង)ទាំងចំនួន ២គ្រឿង ដុតកម្ទេសនៅនឹងកន្លែង ៕ បុឹម ពិន